(កំពង់ធំ)៖ លោក សុខ លូ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានអញ្ជើញជាអធិបតីក្នុង អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សស្រុកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ អមដំណើរដោយក្រុមការងារចុះជួយស្រុកនិងមានការចូលរួមពីសមាជិកបក្សយ៉ាងច្រើនកុះករ។

លោក សុខ លូ បានលើកឡើងថា នេះជាទិវាមួយដ៏មហោឡារឹក ដែលយើងបានជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានប្រវត្តិ ដ៏រុងរឿងជាគណបក្សដឹកនាំចលនាតស៊ូ របស់ប្រជាជនប្រឆាំងនឹងអំពើឈ្លានពាន ដើម្បីឯករាជ្យជាតិ ជាកម្លាំងនយោបាយតែមួយគត់ ដែលបានដឹកនាំ ការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី សង្គ្រោះជាតិឲ្យជីវិតិរស់ឡើងវិញ និងជាគណបក្ស ដែលបានដឹកនាំការពារមាតុភូមិឲ្យស្ថិត គង់វង្ស ការពារមិនឲ្យមានការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំ ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីក ចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ការពិតបានបញ្ជាក់ច្បាស់ថា ចាប់ពីថ្ងៃរំដោះប្រទេសមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានទប់ស្កាត់ការវិលត្រឡប់មកវិញ​ របបប្រល័យពូជសាសន៍ ស្តារ និងកសាងមាតុ ភូមិឲ្យបានរីកចម្រើនប៉ុណ្ណោះទេ គឺបានខិតខំប្រឹង ប្រែងពេញទំហឹងក្នុងការដោះស្រាយព្រំដែនជាមួយ ប្រទេសជិតខាង ដែលបន្សល់ទុកដោយរបបអាណា និគមនិយមតាំងពីពេលនោះមកដល់បច្ចុប្បន្ននេះ ដើម្បីសម្រេចបាននូវខ្សែព្រំដែនមួយ សន្តិភាព សុវត្ថិ ភាព សហប្រតិបត្តិការ និងអភិវឌ្ឈន៍ និងទទួលស្គាល់ជា អន្តរជាតិ ទុកជាមរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ខ្មែរ ជំនាន់ក្រោយតរៀងទៅនេះជា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងបន្តរីកចម្រើនលើគ្រប់វិស័យ មកដល់ពេលនេះ ប្រទេសជាតិកំពុងទទួល បានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងលឿន ជីវភាពប្រជាជន កំពុងមានការប្រែប្រួលជាលំដាប់ ។

លោកបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ យុវជន-នារី ក្នុងទូទាំងស្រុក គាំទ្រដាច់ខាត និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ហើយមិនអនុញ្ញាតឲ្យមានពន្លកនៃបដិវត្តពណ៌ ទោះជាពណ៌អ្វីក៏ដោយអាចកើតមានលើមាតុភូមិ ជាទីស្នេហារបស់យើងបានឡើយ ។ ជាមួយនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមចាត់ទុកគណបក្ស ប្រជាជនកម្ពុជា ជាបុព្វការីស្នេហាជាតិពិតប្រាកដ»

លោកក៏ដូចជាអ្នកចូលរួមទាំងអស់បានធ្វើការប្តេជ្ញាចិត្តថា ទី១-ប្តេជ្ញាលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជនយកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានជោគជ័យរាល់ទិសដៅភារកិច្ច របស់គណបក្ស ទី២- ចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃទិវាថ្ងៃ កំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា១៩៥១ ហើយរួមគ្នាថែរក្សា និងពង្រីករាល់សមិទ្ធផលសង្គម ជាតិឲ្យមានវិវត្តរីកចម្រើនជារៀងរហូត ទី៣-បេ្តជ្ញាគាំទ្រសកម្មភាពចូលរួមអនុវត្តឲ្យបាន សម្រេចជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណ ដំណាកកាលទី៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ ទី៤- ប្ដេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិ ដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ៧មករា ១៩៧៩មកដល់បច្ចុប្បន្ន និងរួមគ្នារក្សានូវសុខសន្តិភាព​ ដើម្បីធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍៕