(កណ្តាល)៖ សុំណុំរឿងដែលស្រ្តីជាម្ចាស់រថយន្តទំនើបម៉ាក BMW បើកកិនយុវជនខ្មែរឥស្លាមម្នាក់ស្លាប់ និងរបួស២នាក់ ត្រូវនគរបាលក្រុងតាខ្មៅ បានបញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ។ នេះបើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។

លោកបន្តថា ភាគីជនបង្កបានសងសំណងទៅកាន់គ្រួសារជនរងគ្រោះ ដែលស្លាប់ចំនួន២០០០ដុល្លារ។ រីឯសំណុំរឿងនៅតែបន្តបញ្ជូនទៅតុលាការ ព្រោះរឿងនេះបើយោងតាមផ្លូវច្បាប់នៅជាប់បណ្ដឹងអាជ្ញា។

ដំណើររឿងកិនស្លាប់ ដោយរថយន្ត BMW ពាក់ស្លាកលេខ 2AX-8987 ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ អីន សឿន ភេទស្រី អាយុជាង៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ដែលរវាងម៉ូតូ SCOOPY បើកបញ្ច្រាស់ទិសទៅបុកម៉ូតូ MSX រួចផ្លោងខ្ទាចមនុស្សទៅក្រោមរថយន្ត ត្រូវរថយន្ត BMW ឈប់បើកកិនពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី លើផ្លូវជាតិលេខ២ ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល៕