(អាមេរិក)៖ ដោយមានការលើកទឹកចិត្តពីការបោះឆ្នោតចាកចេញរបស់ អង់គ្លេស ពីសហភាពអឺរ៉ុប ពួកអ្នកចង់ផ្ដាច់ខ្លួនរបស់អាមេរិក នៅរដ្ឋតិចសាស បានទទួលយកកលយុទ្ធ នៃយុទ្ធនាការចាកចេញរបស់អង់គ្លេស និងកំពុងអន្ទះសារដោយចង់ទាមទារផ្តាច់ខ្លួន ហើយថ្លែងថា «ការចាកចេញរបស់តិចសាស់» នឹងកើតឡើងនៅពេលខាងមុខ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយពីរថ្ងៃមុននេះ។

លោក Daniel Miller ប្រធានរបស់ចលនាជាតិនិយមតិចសាស់ បាននិយាយថា ការបោះឆ្នោតដែលជំរុញឡើង​ ដោយពលរដ្ឋនៅអង់គ្លេស អាច​ជាគំរូ​មួយសម្រាប់រដ្ឋតិចសាស់ ដែលជាប្រទេស​ឯករាជ្យពីឆ្នាំ ១៨៣៦ ដល់ ១៨៤៥ ហើយសេដ្ឋកិច្ចរបស់ខ្លួនដែលមានទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំនោះ នឹងស្ថិតក្នុងចំណោមសេដ្ឋកិច្ចធំជាងគេទី១០ នៅក្នុងពិភពលោក។

ក្រុមនេះបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា «ចលនាជាតិនិយមតិចសាស់កំពុងស្នើសុំជាផ្លូវការ ​ដល់អភិបាលរដ្ឋតិចសាស់ឲ្យគាំទ្រការ បោះឆ្នោតស្រដៀងគ្នាមួយ សម្រាប់ប្រជាជនតិចសាស់។ ការិយាល័យរបស់អភិបាលតិចសាស់​ លោក Greg abbott មិនអាចសុំអត្ថាធិប្បាយភ្លាមៗបានទេ»

លោក Miller បាននិយាយថា «ការចាកចេញរបស់រដ្ឋតិចសាស់កំពុងតែកើតឡើង»។ ប៉ុន្តែពួកអ្នកជំនាញខាងរដ្ឋធម្មនុញ្ញ បាននិយាយថា រដ្ឋរបស់អាមេរិកណា មួយមិនអាចបំបែក​ចេញបានទេ​ ប៉ុន្តែនេះមិនបានបញ្ឈប់ផែនការ របស់ពួកទាមទារផ្តាច់ខ្លួនរាប់រយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះទេ។ គ្មានរដ្ឋបាល ណាមួយត្រូវបានបង្កើតឡើងដោយការផ្តាច់ខ្លួនពីរដ្ឋណាមួយនោះទេ​ ចាប់​ពីឆ្នាំ១៨៦៣មក។

ចេញពីរដ្ឋ Maine ទៅដល់រដ្ឋ Alaska ការខិតខំប្រឹងប្រែងផ្តាច់ខ្លួនចេញ ដោយ​មានជាច្រើនក្រុមនោះ ជារឿយៗ ដោយសារការខឹងសម្បារ ទៅនឹងការយកពន្ធ ឬអ្វីដែលពួកគេមើលឃើញថា ជាសិទ្ធិសេរីភាពរបស់ពួកគេនោះបានទទួលបរាជ័យ ដោយសារតែកត្តាប្រឈមផ្លូវច្បាប់ ដែលស្ទើរតែមិនអាចធ្វើទៅរួច ឬការខ្វះការគាំទ្រ។

ការស្ទង់មតិរបស់ Reuters/Ipsos នៅឆ្នាំ២០១៤ បានបង្ហាញថា ប្រជាជនអាមេរិកកាំងជិត ១ភាគ៤ ចង់ឲ្យបណ្តារដ្ឋរបស់ពួកគេចាកចេញ ពីរដ្ឋសហព័ន្ធ៕