(កំពង់ស្ពឺ)៖ កញ្ញា ធី សុវណ្ណថា បានប្រកាសព្រមានចាប់ការតាមផ្លូវច្បាប់រាល់បុគ្គលទាំងឡាយណា ដែលបានជេរប្រមាថ ចោទប្រកាន់ និង លាបពណ៌រូបនាង ដោយគ្មានមូលដ្ឋាន និងភស្តុតាង​ឲ្យបានច្បាស់។

នៅក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋជាច្រើនរយនាក់នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីនិយាយពីរឿងអា ស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណ​បក្ស​សង្រ្គោះជាតិ និងបំផុសប្រជាពលរដ្ឋឲ្យឈប់គាំទ្រលោក កឹម សុខានោះ កញ្ញា ធី សុវណ្ណថា បានប្រកាសថា «បើមានបុគ្គកណា មានមាត់ដើរជេរប្រមាថ និងចោទប្តកាន់ និងលាបពណ៌ មានគ្មានមូលដ្ឋាន គ្មានភស្តុតាង គឺ ខ្ញុំ នឹងឲ្យច្បាប់អនុវត្តលើបុគ្គលនោះ»

យុវតី ដែលធ្លាប់តែធ្វើចលនាយ៉ាងសកម្ម ដើម្បីជួយឲ្យមានការគាំទ្រលើគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣រូបនេះ បានហៅ អ្នកជេរប្រមាថ និងលាបពណ៌កញ្ញាថា ជាទង្វើថោកទាបជាងលោក កឹម សុខា ដែលមានរឿងអាស្រូវផ្លូវភេទទៅទៀត។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ បានដាក់់ពាក្យប្តឹងសកម្មជន​គណបក្សសង្រ្គោះជាតិម្នាក់​នៅក្នុងខេត្តឧត្តរមាន​ជ័យ ឈ្មោះ ម៉ោញ សារ៉ាត់ និងយុវជនម្នាក់ទៀត ឈ្មោះ អូន វ៉ាន់សាក់ ដែលគេដឹងថាជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែរនោះ ពីបទបរិហារកេរ្តិ៍កញ្ញាតាមបណ្តាញសង្គម Facebook។

ការប្តឹងនេះ បន្ទាប់ពីបុគ្គលទាំងពីរនាក់ បានសរសេរឌឺដងផ្លែផ្កា និង បាននិយាយពាក់ព័ន្ធទៅនឹងវេទិកាជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តដទៃទៀត។ សុវណ្ណថា បានហៅអត្ថបទ ដែលបានសរសេរដោយបុគ្គលទាំងពីររូបនេះថា ជាអត្ថបទបរិហារកេរ្តិ៍ និងជេរប្រមាថលើរូបកញ្ញា ផ្ទុយពីការពិត និងសកម្មភាព ដែលកញ្ញាបានធ្វើ នៅក្នុងវេទិកាសាធារណៈនាពេលកន្លងមក៕