(ស្ទឹងត្រែង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រមាណ ៣៥នាក់ បានចុះទៅដល់ខេត្តស្ទឹងត្រែង ហើយ ដើម្បីត្រៀមព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦ ខែមិថុនា ស្អែកនេះ។

ដើម្បីឲ្យដំណើរការ នៃការព្យាបាលបានប្រព្រឹត្តទៅដោយជោគជ័យ តាមការគ្រោងទុកនោះ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចូលជួបសម្តែងការគួរសម និងពិភាក្សាពីការព្យា បាលជំងឺជូនប្រជាពលរដ្ឋ។

ក្នុងជំនួបនេះ លោក ម៉ុម សារឿន បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ៣៥រូប នឹងចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, វះកាត់, រោគស្រ្តី, ផ្តល់ជូនឱសថ, ឆ្លុះអេកូ, ថ្នាំទម្លាក់សត្វល្អិត, កម្មវិធីអប់រំសុខភាព និងផ្តល់ជូនវ៉ែនតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកស្រី ហ៊ុន ម៉ាណា ជូនដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលនឹងប្រព្រឹត្តិទៅនៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង៕