(ប៊ែរឡាំង)៖ សមាជិកស្ថាបនិករបស់សហភាពអឺរ៉ុប ដែលមានអាល្លឺម៉ង់ បារាំង និង អ៉ីតាលី ជាដើម បានជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង ហើយនៅក្នុងនោះរដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា ចក្រភពអង់គ្លេស ត្រូវតែយកមាត្រា៥០ ក្នុងសន្ធិសញ្ញាអឺរ៉ុបមកអនុវត្ត ហើយក្នុងនោះបានតម្រូវឲ្យ អង់គ្លេស ដកខ្លួនចេញពីសហភាពនេះជាបន្ទាន់ ដោយគ្មានការពន្យារពេលនោះឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦។

វាហាក់ដូចជាភាពស្រពិចស្រពិលមួយដែរ សម្រាប់សហភាពនេះ ចាប់តំាងពីការបង្កើតឡើងកាលពី ៥៩ឆ្នាំមុន មិនដែលមានប្រវត្តិអំពីសមាជិកចាកចេញ ដែលមិនអាចនឹងស្មានដល់ដូចពេលនេះឡើយ។ បើទោះបីជាមាត្រា៥០ ដែលធ្វើឡើងនៅទីក្រុងលីបោន ប្រទេសអាល្លឺម៉ង់ បានចែងពីដំណើរការនៃការចាកចេញរបស់សមាជិកក៏ដោយ ក៏វាមិនបានរៀបរាប់អ្វីឲ្យក្បោះក្បាយដែរ។

ហេតុដូច្នេះហើយ ទើបនាយករដ្ឋមន្ត្រីលោក David Cameron បានប្រកាសលាលែងពីតំណែង ដោយទុកតួនាទីក្នុងការអនុវត្តតាមមាត្រា៥០ នោះ ឲ្យអ្នកបន្តតំណែងពីលោកជាអ្នករាប់រង។ ប៉ុន្តែអ្វីៗមិនងាយស្រួលដូចការគិតនោះទេ ដោយពេលនេះសមាជិកស្ថាបនិកអឺរ៉ុប បានបង្ខិតបង្ខំចក្រភពអង់គ្លេស ឲ្យដើរផ្លូវទាល់ច្រក គឺត្រូវរៀបចំដំណើរការចាកចេញជាបន្ទាន់ ដែលវាត្រូវបានចាត់ទុកជាភាពឈឺចាប់មួយដែរ សម្រាប់ចក្រភពអង់គ្លេស។

មេដឹកនាំស្ថាប័នកំពូលៗក្នុងសហភាពអឺរ៉ុប ដូចជាប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងប្រធានធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi បានសន្យាថា នឹងជួយក្នុងដំណើរការដកឈ្មោះ និងតួនាទីទាំងអស់ពីសហភាពអឺរ៉ុប ហើយធនាគារកណ្តាលនឹងលូកដៃចូលដោះស្រាយបញ្ហា ហិរញ្ញវត្ថុ សហការនឹងធនាគារកណ្តាលមកពីជប៉ុន និងស្វីស ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ ខណៈដែលចំណាត់ការរបៀបៗនេះ មិនធ្លាប់កើតមាននោះទេចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកល៕