(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការបូកសរុបលទ្ធផល ការត្រួតពិនិត្យភាពមិនប្រក្រតីនៃស្នាមមេដៃ នៅក្នុងញត្តិគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ស្នាមមេដៃដែលមានជិត២ម៉ឺននាក់នោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ហែញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យមានព្រះរាជអន្តរាគមន៍ជួយដល់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងសម្រួលដល់ស្ថានភាពនយោបាយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ហើយព្រះមហាក្សត្រទ្រង់បានបញ្ជូនញត្តិទាំងនោះជូនរាជរដ្ឋាភិបាល។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រោយការលេច ធ្លាយនូវព័ត៌មានថា មានភាពមិនប្រក្រតី នៃស្នាមមេដៃនេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃតាមវិធីសាស្រ្ត ធ្វើកោសល្យវិច្ច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត។ ក្នុងលិខិតប្រគល់ភារកិច្ចនោះ បានស្នើឲ្យរៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាង ការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំងប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ចំពោះរឿងនេះដែរ ស្នាមមេដៃនេះ ត្រូវបានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមេដៃ របស់ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីជាច្រើនមានដូចជា៖ ទី១៖ ស្នាមមេដៃធ្វើឡើង តែ ២១រាជធានី-ខេត្ត ផ្ទុយពីការបញ្ជាក់ថា ប្រមូលនៅទូទាំង២៥រាជធានី-ខេត្ត។ ទី២៖ ស្នាមមេដៃ ដែលប្រមូលបាននៅក្នុងញត្តិ គឺមានស្នាមមេដៃ តែអត់មានឈ្មោះ ហើយមានខ្លះទៀត មានស្នាមមេដៃ មានឈ្មោះ តែគ្មានអាស័យដ្ឋាន និងខ្លះទៀតមានឈ្មោះ អត់មានស្នាមមេដៃ និងអ្វីដែលពិសេសនោះ មានស្នាមមេដៃតែមួយ តែផ្តិតលើឈ្មោះអ្នកដទៃរហូតទៅដល់៨៦នាក់៕