(ភ្នំពេញ)៖ សាលាអន្ដរជាតិ ហ្វេ្រដហ្វត អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៦នេះ បានប្រារព្ធទិវាសប្បុរសធម៌ប្រចាំ ឆ្នាំ២០១៦ មានចំណងជើងថា «ពិព័រណ៍តន្ដ្រី និងសិល្បៈ ដើម្បីបុព្វហេតុ ដ៏ល្អ» ក្រោមប្រធានបទ «ក្ដីស្រលាញ់ ក្ដីសង្ឃឹម និងសុខុមាលភាព» ក្នុងគោលបំណងស្វែងរកមូលនិធិ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា, បង្ហាញពីសមត្ថភាពនៃការសម្ដែងសិល្បៈ និងការបណ្ដុះគំនិតបញ្ញា ស្មារតី វប្បធម៌ចែករំលែក ការបរិច្ចាគដល់សិស្សានុសិស្ស រួមទាំង ដើម្បីជាការជួបជុំមាតាបិតាសិស្សផងដែរ។

លោក មុំ វ៉ារិន នាយកសាលាអន្ដរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលបានប្រារព្ធទិវាសប្បុរសធម៌ប្រចាំឆ្នាំ២០១៦នេះឡើង ដែលមានការចូលរួមពីជាច្រើនពីមាតាបិតាសិស្សានុសិស្សទាំងអស់ និងការសម្ដែងដ៏ប៉ិនប្រសព្វរបស់ប្អូនៗកុមារ ទាំងការដើរបង្ហាញម៉ូដ ច្រៀងចំរៀង និងសម្ដែងបានយ៉ាងល្អឥតខ្ចោះ ពិសេស នៅមានរូបគំនូរ ដែលជាស្នាដៃរបស់ប្អូនៗជាច្រើនផ្ទាំង ដាក់តាំងបង្ហាញសម្រាប់ដេញថ្លៃយករូបទាំងនេះ ហើយចំពោះថវិកា ដែលបានពីការជាវរូបនេះ គឺយើងនឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងតែម្ដង ។

លោកបន្ថែមថា «អ្វីដែលខ្ញុំខិតខំធ្វើកន្លងមកនេះ គឺគោលបំណងធំបំផុតនោះ ចង់ឃើញប្រជាពលរដ្ឋយើងទាំងអស់គ្នា មាននូវវប្បធម៌នៃការចែករំលែក ទៅដល់មនុស្សដែលងាយរងគ្រោះនៅក្នុងសង្គម ទោះវាពិតណាស់ វាមិនងាយទេ តែដើម្បីប្រាកដថាមនុស្សដែលមានធនធានទាំងអស់ អាចបង្ហាញនូវក្ដីអាណិតអាសូរ និងប្រោសប្រណីដល់មនុស្សដែលមិនមានភ័ព្វវាសនាល្អដូចខ្លួន ដូច្នេះហើយ​បានជាខ្ញុំបង្កើតទិវានេះមក ព្រោះមិនអាចឃើញកុមារតូចៗដ៏កំសត់ បាត់បង់ជីវិតដោយសារតែការបិទទ្វារនៃមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនមានការចូលរួមចំណែកអ្វីទាំងអស់ ពីពួកយើងទាំងអស់គ្នានោះទេ ហើយព្រឹត្ដិការណ៍ក្នុងថ្ងៃនេះ គឺជាជំហានដំបូង សម្រាប់សាលាអន្ដរជាតិ ហ្វេ្រដហ្វត អាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំនេះ ប៉ុន្ដែឆ្នាំក្រោយយើងនឹងចាប់ផ្ដើមនូវកម្មវិធីរៃអង្គាស សម្រាប់មន្ទីរពេទញយគន្ធបុប្ផា បន្ថែមទៀត» ។

កម្មវិធីនេះក៏បានបង្ហាញពីសមិទ្ធផលរបស់សិស្សានុសិស្ស នាចុងឆ្នាំសិក្សាក្នុងការរៀនពីតន្ដ្រី និងសិល្បៈ តាមរយៈការបង្ហាញនូវការតាំងពិព័រណ៍ និងសម្ដែង ដោយបញ្ជាក់ពីអត្ថប្រយោជន៍​ពីរបៀប​ដែលតន្ដ្រីអាចផ្លាស់ប្ដូរពិភពលោក ហើយតន្ដ្រីក៏អាចបង្ហាញពីរបៀបនៃការសិក្សាតាមកម្មវិធីអន្ដរជាតិ នៅក្នុងសាលាទាំងមូល ដោយអនុវត្ដតាមកម្មវិធីសិក្សា IB-PYP និងបង្ហាញពីវិធានការ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍តាមពាក្យស្លោករបស់ខ្លួន «អប់រំ សម្រាប់គុណភាព និងកិត្យានុភាព» សាលាអន្ដរជាតិ ហ្រ្វេដហ្វត អាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែអប់រំសិក្សា ប្រកបដោយចំណេះ ដឹង និងជំនាញជាមួយនឹងសកម្មភាពផ្សេងៗដ៏សម្បូរបែប ស្រមតាមកម្មវិធីសិក្សាអន្ដរជាតិ (International Baccalaureate) ប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏បានបង្រៀនសិស្សានុសិស្សរបស់យើង ឲ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមប្រកបដោយសីលធម៌ អាកប្បកិរិយាល្អ និងចេះនូវការចែករំលែកនូវរបស់របរផ្សេងៗ ដែលខ្លួន​មានទៅកាន់មនុស្ស អ្នកដទៃទៀត។

គួរបញ្ជាក់ថា ក្រៅពីទិវាសប្បុរសធម៌នេះ សាលាអន្ដរជាតិ ហ្វេ្រដហ្វត អាស៊ីប៉ាស៊ីហ្វិក ក៏បានរៀបចំព្រឹត្ដិការណ៍ប្រចាំឆ្នាំសំខាន់ៗជាច្រើនទៀត ដូចជា កម្មវិធីបោះជំរុំ ,ការប្រកួតកីឡា ,កម្មវិធីចែកសញ្ញាបត្រ និងបណ្ណសរសើរ ,ការប្រកួតប្រជែងផ្នែកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វករ គណិតវិទ្យា និងកម្មវិធីជាច្រើនទៀតផងដែរ៕