(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹង សម្ដីស្រទន់ ប្រចាំក្នុង​ផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបង្ហាញវត្តមានផ្ដល់បទសម្ភាសន៍គួរឲ្យភ្ញាក់ផ្អើល​ជាមួយនឹង ក្រុមការងារផ្សាយ​ផ្ទាល់ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសៅរ៍នេះ ខណៈដែលការបង្ហាញ​វត្តមាន​តាមរយៈ​កម្មវិធីប្រគំតន្រ្តី តាមស្ថានីយទូរទស្សន៍នានា ត្រូវបានលុបចោល​ជា​បន្តបន្ទាប់ ក្រោយពីតារាចម្រៀងរូបនេះ ទទួលរងគ្រោះដោយសារ​តែជនអនាមិក ដែលគេសង្ស័យថាជាអតីតសង្សារ​របស់នាង ទម្លាយរូបស្រាត​ជាសាធារណៈ​រួចមក។

ពិតណាស់ថា បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវដ៏អាម៉ាស ប្រចាំក្នុងជីវិតជាស្រ្តីរួចមក គេសង្កេតឃើញថា កញ្ញា វ៉ាន់ នីឡា ហាក់ទទួលរងនូវការបាក់កម្លាំងចិត្ត​ជាខ្លាំង រហូតពេលខ្លះនាង​បានបញ្ចេញសារលែងចង់រស់ ព្រោះតែការពេបជ្រាយពីមហាជនចំពោះកំហុសគ្មានការពិចារណា របស់នាងក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក​ ។ ប៉ុន្តែក្នុងនោះក៏មានអ្នកសិល្បៈ​​ និងអ្នកគាំទ្រនាង ជាច្រើន​ទៀត បានផ្ដល់កម្លាំងចិត្ត និងត្រូវតែតស៊ូជំនះ កុំចុះចាញ់ឲ្យសោះ ព្រោះមនុស្សតែងមានកំហុសខុសឆ្គងខ្លះៗ ជារឿងធម្មតា​។

ដើម្បីជាការជួយទាំងកម្លាំងចិត្ត និងផ្លូវច្បាប់ ប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសផ្ដល់មេធាវីដល់ កញ្ញា វ៉ាន់ នីឡា ដើម្បីតតាំងផ្នែកផ្លូវច្បាប់ ចំពោះបណ្ដឹងរបស់នាងដែលបានប្ដឹងវែករក​មុខជនអនាមិកទម្លាយរូបស្រាតទៅតុលាការ ក្នុងការទទួល​បាននូវយុត្តិធម៌ ដើម្បីស្តារ និងស្រោចស្រង់​កេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាងមកវិញ។ ស្របពេលជាមួយនឹង​សំណុំរឿងកំពុងតែដំណើរការ គេសង្កេតឃើញស្រីស្រស់ វ៉ាន់ នីឡា ហាក់មានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការបង្ហាញវត្តមានតាមទីសាធារណៈនានា ព្រោះជនអនាមិក បានតាមគំរាមកំហែងនាងគ្រប់ពេល។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ តារាចម្រៀងមានរូបឆោមឡោមពណ៌ស្រស់បំព្រង ញញឹមមានមន្តស្នេហ៍ កញ្ញា វ៉ាន់ នីឡា បានបង្ហាញវត្តមាន​គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងការផ្ដល់កិច្ចសម្ភាសន៍​ជាលើកដំបូងតាំងពីបែបធ្លាយរូបស្រាត ជាមួយ​ក្រុមការងារផ្សាយផ្ទាល់ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធ្វើការបកស្រាយខ្លះៗ ជុំវិញរឿងរ៉ាវទាំងឡាយ ដែលបានកើតឡើងចំពោះនាងនាពេលកន្លងមក ។

ក្នុងកិច្ចសម្ភាសន៍ដ៏កម្រនេះ កញ្ញា វ៉ាន់ នីឡា បានសម្ដែងការជឿជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលដែលដឹកនាំរបស់​​សម្ដេចតេជោ ហ៊ុន សែន នឹងស្វះស្វែងរកឃើញ នូវពន្លឺយុត្តិធម៌ជូនដល់នាងដែលជាជនរងគ្រោះ។ នាងបានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកកម្ពស់តម្លៃស្រ្តី ឲ្យតម្លៃដល់ស្រ្តីគ្រប់រូប មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយបើស្រ្តីណាម្នាក់​កំពុងតែរងនូវការរំលោភបំពាន ឬគំរាមកំហែងពីជនណាម្នាក់នោះ សម្ដេចតេជោ នឹងជួយរកយុត្តិធម៌ជូនស្រ្តីនោះ ក្នុងនាមជាអ្នកដឹកនាំប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងក្ដីករុណាដល់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា បានបន្ថែមទាំងទឹកភ្នែករលីងរលោងទៀតថា នាងក៏សូមទទូចអង្វរដល់មហាជនទាំងអស់ មេត្តាឈប់បន្តចែកចាយរូបភាព​របស់នាង ព្រោះបើនៅតែចែករំលែកបែបនេះ គឺហាក់កំពុងតែចូលរួមរំលោភសិទ្ធិ និងជាន់ឈ្លីតម្លៃស្រ្តីខ្មែរ ព្រោះនាងបានទទួលស្គាល់​កំហុសនេះ​ទៅហើយ ដូច្នេះសូមឲ្យបងប្អូន​មានការយោគយល់ខ្ពស់ចំពោះរូបនាងជាស្រីទន់ខ្សោយ និងកំពុងតែទទួលរងនូវក្ដីឈឺចាប់ ស្ទើរតែគ្មានថ្ងៃស្រាកស្រាននេះ​។

ត្រង់ចំណុចនេះ ទោះបីជា វ៉ាន់ នីឡា ហាក់អួលដើមកនិយាយលែងចង់ចេញក្ដី ប៉ុន្តែនាងនៅមានកម្លាំងចិត្ត ហើយបន្តបង្ហាញជំនឿលើប្រមុខដឹកនាំរបស់ ប្រទេសកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ថា នឹងអាចជួយរកយុត្តិធម៌ ជូនចំពោះនាងបានយ៉ាងពិតប្រាកដ បើទោះបីជាភាគីម្ខាងទៀត ជាកូនមន្រ្តីធំពាក់ផ្កាយ មានអំណាច មានទ្រព្យស្ដុកស្ដម្ភ យ៉ាងណាក៏ដោយ ព្រោះសម្ដេចតេជោ គឺជាពន្លឺយុត្តិធម៌មួយមិនចេះសាបសូន្យ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕