(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា កំពុងរៀបចំការប្រឡងតេស្តសមត្ថភាព​ ភាសាកូរ៉េលើកទី១៣ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េ។

តាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លើទំព័រ Facebook នៅព្រឹកមិញបានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៦នេះ ប្រទេសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ត្រូវការកម្លាំងពលករពីប្រទេសកម្ពុជា ប្រមាណជិត១ម៉ឺននាក់ ក្នុងនោះមាន ពលករសម្រាប់វិស័យឧស្សាហកម្មចំនួន ៤៧០០នាក់ វិស័យសំណង់ចំនួន ១០០០នាក់ និងវិស័យកសិកម្មចំនួន ៣៧០០នាក់។

សូមបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មពីប្រទេសកម្ពុជា នៅឆ្នាំ២០១៦នេះ បានកើនឡើងយ៉ាងគំហុក បើធៀបនឹងឆ្នាំ២០១៥។ កាលពីឆ្នាំមុន រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវការកម្លាំងពលករពីប្រទេសកម្ពុជា តែចំនួន៥៧០០នាក់ទេ ខណៈដែលមានពលរដ្ឋខ្មែរ ៣៨.៣៦២នាក់ដាក់ពាក្យដើម្បីប្រឡង ទៅធ្វើការនៅប្រទេសនេះ ហើយឆ្នាំ២០១៤ កូរ៉េខាងត្បូងក៏ត្រូវការកម្លាំងពលកម្មពីកម្ពុជា ៤ពាន់នាក់ប៉ុណ្ណោះ៕