(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់កម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ានឆ្នាំ២០២៣នេះ។

ក្នុងពេលអនុញ្ញាតឱ្យ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី លោកឯកអគ្គរដ្ឋទូត បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ីដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ៕