(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនខាងមុខនេះ ជាមួយនឹងគម្រោងថ្មីៗបន្ថែម ដែលត្រូវចុះហត្ថលេខារវាងភាគីទាំងពីរ ក្នុងនោះរាប់តាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផងដែរ។

ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។ គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុង ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេ​ចតេជោ បានយកឱកាសនេះ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺជាំង សម្រាប់ការផ្តល់ជំនួយមកដល់ប្រទេសកម្ពុជា កន្លងមក ហើយសម្តេចសង្ឃឹមថា នឹងមានឱកាសទស្សនកិច្ចនៅប្រទេសចិនជាថ្មីម្តងទៀត។

សម្តេចបានបញ្ជាក់ដូច្នេះថា «ខ្ញុំសង្ឃឹមថា នឹងមានឱកាស ដែលពេលនេះកំពុងសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ ហើយពេលនោះច្បាស់ណាស់ថា នឹងមានគម្រោងថ្មីនៅក្នុងដំណើរទស្សនកិច្ចនោះ រាប់ទាំងផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ព្រំដែនវៀតណាម»

សម្តេចបានអះអាងថា កម្ពុជាក៏នឹងបញ្ចេញថវិការបស់ខ្លួន ដើម្បីធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គប្រមាណ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបន្ទាប់ពីនេះ នឹងមានផ្លូវល្បឿនលឿនមួយ នឹងត្រូវតភ្ជាប់រវាងស្រុកល្វាឯម ទៅកាន់ព្រំដែនវៀតណាម។

ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧​ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។

បើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន៕