(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោកស្រី Anna Maj Hulgard ឯកអគ្គរាជទូតស៊ុយអែត ចូលជួបសំដែងការគួរសម និងជំរាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី Anna Maj Hulgard បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជាហើយពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងស៊ុយអ៊ែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវក្តីរីករាយ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងល្អ ជាមួយគ្នាជាយូរមកហើយ រួមទាំងក្នុងពេលដែលប្រទេសកម្ពុជា រងសម្ពាធនៃទណ្ឌកម្ម ដែលពេលនោះ ស៊ុយអ៊ែត បានជួយកម្ពុជារួមទាំងការបណ្តុះបណ្តាល ធនធានមនុស្សនៅប្រទេសកម្ពុជាផងដែរ។ ដោយឡែក នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអ៊ែត បានដាក់ចេញនូវគំនិតផ្តួចផ្តើម ជាសាកលមួយតាមផ្នែកសង្គម ដោយគាំទ្រធ្វើយ៉ាងណាឲ្យខាងរដ្ឋាភិបាល វិស័យឯកជន និងពលករ មានទំនាក់ទំនងល្អ ធ្វើការជាមួយគ្នា ដើម្បីឲ្យបរិយាកាសការងារប្រសើរឡើង ហើយកម្ពុជា បានចាត់ទុកនេះ គឺជាសហប្រតិបត្តិការផ្លាស់ប្តូរ នូវបទពិសោធន៍ដ៏សំខាន់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ឆ្នាំនេះ គឺជាឆ្នាំដែលប្រទេសស៊ុយអ៊ែត ដាក់បេក្ខភាព ដើម្បីក្លាយជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលគ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅអង្គការសហប្រជាជាតិ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាគាំទ្របេក្ខភាព របស់ប្រទេសស៊ុយអ៊ែត ហើយប្រទេសស៊ុយអ៊ែត ក៏បានគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជា បេក្ខភាពក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ច របស់អង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន ត្រៀមនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ុយអ៊ែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្កោលី នាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ និងលោកស្រីបានផ្លាស់ប្តូរមតិគ្នាជុំវិញ បញ្ហាអន្តរជាតិមួយចំនួន រួមទាំងការបោះឆ្នោត នៅសហរដ្ឋអាមេរិក សមុទ្រចិនខាងត្បូង និងស្ថាន ភាពនៅអ៊ឺរ៉ុបជាដើម៕