(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេចរណ៍ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកដំបូងបង្អស់ ដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ការផ្ដល់សេវាប្រកបដោយភាពស្មោះត្រង់ ពេញចិត្ត កក់ក្ដៅ ដល់ភ្ញៀវទេសចរ ដែលជាចលនាសំខាន់មួយ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ មកពីគ្រប់តំបន់បន្ថែមទៀត។

ក្នុងពិធីទទួលពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុបនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថោង ខុន បានលើកឡើងថា ការដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ដើម្បីចូលរួមលើកកម្ពស់គោលដៅទេសចរណ៍របស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរ ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្ដៅឋិតក្នុងការចងចាំរបស់ភ្ញៀវទេសចរគ្រប់គ្នា ជាមួយការស្វាគមន៍ ដោយភាពរួសរាយរាក់ទាក់ និងស្នាមញញឹមពីធម្មជាតិរបស់ប្រជាពល រដ្ឋកម្ពុជា។

ដើម្បីឲ្យចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» មាននិរន្តរភាព និងមានលក្ខណៈទូលំទូលាយទូទាំងប្រទេស លោករដ្ឋមន្រ្តី ថោង ខុន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន យុវជន ប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា សំដៅលើកកម្ពស់បន្ថែមទៀត នូវភាពទាក់ទាញទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់កេត្យានុភាពកម្ពុជា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។

ដើម្បីគាំទ្រចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ឲ្យកាន់តែល្អប្រសើរថែមទៀតនោះ ក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំឯកសារចំនួន ៤ច្បាប់ សម្រាប់ទ្រទ្រង់ចលនាប្រឡងប្រណាំងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងបានរៀបចំការវាយតម្លៃតាមប្រព័ន្ធអនឡាញ អំពីបដិសណ្ឋារកិច្ចល្អនេះ ដោយគ្រាន់តែ Scan Code ដែលអនុ ញ្ញាតឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចសម្ដែងមតិលើការផ្ដល់សេវាបដិសណ្ឋារកិច្ច របស់ប្រតិបត្តិករទេសចរ និងមន្រ្តីច្រកទ្វារអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមបញ្ជាក់ថា ដើម្បីជំរុញកំណើនទេសចរណ៍នៅកម្ពុជា ក្រសួងទេសចរណ៍ បានដាក់ចេញចលនាជាច្រើនមានដូចជា៖ ការផ្សព្វផ្សាយយុទ្ធ នាការ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ», ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, បង្កើតកម្មវិធីទេសចរណ៍អចិន្រ្តៃយ៍ក្រោមឈ្មោះ «កម្ពុជាផ្ទះទី២ របស់ខ្ញុំ» សម្រាប់ស្វាគមន៍ប្រភេទភ្ញៀវទេសចរស្នាក់នៅយូរ និង ភ្ញៀវទេសចរវ័យចំណាស់ ព្រមទាំងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងបង្កើតកម្មវិធីកម្ពុជាមាតុភូមិខ្ញុំ ក្រោមពាក្យស្លោក «ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន» ដែលជាកម្មវិធីថ្នាក់ជាតិដ៏ចម្បង សម្រាប់វិស័យទេសចរនេះ។

តាមរយៈយុទ្ធសាស្រ្ត និងចលនាជាច្រើននេះ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបរទេស កើនឡើងជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៥ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរជាង ៤,៧លាននាក់៕