(ប៉ារីស)៖ ក្រុមដែលមិនទាន់ស្គាល់ពាក្យថា «ឈ្នះ» រាជសីហ៍រោមមាស ព័រទុយហ្គាល់ នឹងត្រូវជួបប្រកួតលើកទី៣ ប៉ះក្រុមជម្រើសជាតិ ហុងគ្រី គ្រាដែលអ៊ីស្លង់ ប៉ះអូទ្រីស ដើម្បីពូល F ចុងក្រោយគេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំងរាត្រីនេះ។

សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា ក្រុមរងជើងឯក Euro 2004 ព័រទុយហ្គាល់ មិនទាន់រកបាន៣ពិន្ទុនៅ ឡើយទេឆ្លងកាត់ ២ប្រកួតមកនេះ ដោយស្មើ ១-១ ទល់នឹងអ៊ីស្លង់ មុនមកស្មើ ០-០ ពេលជួបអូទ្រីសទៀត ទើបមាន ២ពិន្ទុឈរនៅលេខ៣ ក្នុងបណ្តោះអាសន្ន ដដែល ហើយកីឡាករលេខ១ Cristiano Ronaldo ប្រចាំក្រុមរបស់គេ ក៏មិនទាន់រកបាន១គ្រាប់នៅឡើយទេ ដោយបានបាល់ប៉េណាល់ទី ១គ្រាប់ តែទាត់មិនចូល ពេលស្មើ ០-០ នឹងអូទ្រីស។

ព័រទុយហ្គាល់ ត្រូវជួបក្រុមដែលលេងមិនដែលចាញ់ ហុងគ្រី ខណៈដែលក្រុមកំពុងឈរនៅកំពូលតារាងមួយនេះ ធ្លាប់ លេងឈ្នះអូទ្រីស ២-០ និងស្មើ ១-១ ពេលជួបអ៊ីស្លង់ តែហុងគ្រី ត្រូវមកជួបក្រុមដែលខ្លួនលេងមិនដែលឈ្នះនាពេល កន្លងមក ព័រទុយហ្គាល់ ពីប្រវត្តិជួបគ្នា ៥ដងចុងក្រោយនេះ ដោយធ្លាប់ចាញ់ព័រទុយហ្គាល់ ៣-០ ចំនួន២ដង ចាញ់ ៣-១ ចំនួន២ដងដូចគ្នា និងចាញ់ ១-០ ថែមទៀតផង។

សម្រាប់៤ប្រកួតបញ្ចប់ពូល E និង F រាត្រីនេះគឺ ព័រទុយហ្គាល់ ប៉ះហុងគ្រី ក្នុងពហុកីឡដ្ឋាន Parc Olymique Lyonnais ស្ថិតក្នុងទីក្រុង Lyon និងអ៊ីស្លង់ ជួបអូទ្រីស ក្នុងពហុកីឡដ្ឋាន Stade de France នៅក្នុងទីក្រុង Saint-Denis នៅម៉ោង ១១យប់ ក្នុងពូល F ហើយប៊ែលហ្ស៊ិក ប៉ះស៊ុយអែត នៅពហុកីឡដ្ឋាន Allianz Riviera នៅទីក្រុង Nice និងអ៊ីតាលី ប៉ះសាធារណរដ្ឋអៀរឡង់ នៅពហុកីឡដ្ឋាន Stade Pierre –Mauroy នៅទីក្រុង Villeneuve-dAscq នាម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅ កម្ពុជា) ដើម្បីបញ្ចប់ពូល E៕