(ភ្នំពេញ)៖ លោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានថ្លែងថា អ្វីដែលកម្ពុជា កំពុងទទួលបាននេះ គឺបានកើតចេញពីការខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជា ហើយបានចាត់ទុកសម្តេចតេជោ ជាអ្នកការទូតដ៏មាន ឥទ្ធិពលម្នាក់ ក្នុងការដោះស្រាយបញ្ហាទាំងជាតិ និងអន្តរជាតិ។

លោកប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុបបន្តថា ពីមួយដំណាក់កាលទៅមួយដំណាក់កាលសម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រយុទ្ធយ៉ាងខ្លាំង ក្នុងបេសកកម្មការទូត ដើម្បីទទួលបាននូវសមិទ្ធផលដ៏ល្អប្រសើរលើវិស័យទេសចរណ៍សម្រាប់កម្ពុជា។ លោក Mircea Constantinescu បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលមានទស្សនវិស័យខ្ពស់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។

នៅក្នុងពិធីប្រគល់មេដាយសមាជិកកិត្តិយស នៃបណ្ឌិតសភាអឺរ៉ុបនៅវិមានសន្តិភាពនាព្រឹកមិញនេះ លោក Mircea Constantinescu ក៏បានរំលឹកពីស្នាដៃ និងភាពឆ្នើមមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងភាពជាអ្នកដឹកនាំ ដែលចាត់ទុកជាគំរូវីរភាពដ៏ខ្ពង់ខ្ពស់មួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោក បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំម្នាក់ មានភាពអស្ចារ្យដោយបានដឹកនាំការប្រយុទ្ធប្រឆាំង ដើម្បីទាមទារសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ ក្នុងវ័យត្រឹមតែ១៨ឆ្នាំ ជាវ័យមួយដែលមេដឹកនាំជាច្រើន ស្ថិតនៅក្រោមការថែទាំពីអាណាព្យាបាលនៅឡើយ

លោក Mircea Constantinescu បានថ្លែងថា ការតស៊ូនេះ គឺសម្តេចបានមើលឃើញយ៉ាងច្បាស់ថា មានតែការតស៊ូដោយកម្លាំងតែប៉ុណ្ណោះ ទើបអាចរំដោះ ប្រជាជនកម្ពុជា ស្វែងរកសិទ្ធិសេរីភាព។ លោកប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ក៏បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកការទូតដ៏មានឥទ្ធិពលម្នាក់ ក្នុងការដោះស្រាយបញ្ហាទាំងជាតិ និងអន្តរជាតិ

លោក Mircea Constantinescu បានហៅសម្តេចតេជោ ហ៊ុន សែន ថា «បុរស នៃកិច្ចសន្ទនា» ការហៅបែបនេះដោយសារតែសម្តេចតេជោ ហ៊ុន សែន បានប្រើនូវយុទ្ធសាស្រ្តឈ្នះឈ្នះ ដើម្បីចរចាដោះស្រាយបញ្ហា និងបញ្ចប់សង្រ្គាមនៅកម្ពុជា។ លោក Mircea Constantinescu បានថ្លែងថា ព្រោះតែការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នេះហើយ ទើបធ្វើកម្ពុជាប្រែក្លាយពីប្រទេសមានសង្រ្គាម និងឈរលើឆាកអន្តរជាតិ ហើយប្រាប់មនុស្ស ក្នុងពិភពលោកថា ជាគោលដៅទេសចរណ៍ ដ៏ល្អបំផុតសម្រាប់ឆ្នាំ២០១៦៕