(ញូយ៉ក)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន បាននាំមុខលោក ដូណាល់ ត្រាំភ៍ ដដែល បន្ទាប់ពីការស្ទាប ស្ទង់មតិចាប់តាំងពីពាក់កណ្តាលខែមិថុនា មកនេះ ដែលនាំឲ្យលោកស្រី ពេលនេះនាំមុខគូប្រជែងធំបំផុតរបស់ខ្លួន ៩ភាគរយ។ នេះបើតាមការស្ទង់មតិរបស់ Retuers/Ipsos ដែល Channel News Asia ដកស្រង់នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។

លទ្ធផលនៃការស្ទង់មតិនោះគឺ ៤៤,៥ភាគរយនៃអ្នកបោះឆ្នោត បានសម្តែងការគាំទ្រលោកស្រី គ្លីនតុន ខណៈដែល លោក ដូណាល់ ត្រាំភ៍ បានទទួលតែ ៣៥,៥។ វាមិនសូវខុសពីកាលលើកមុននោះឡើយ ដែលលោកស្រី គ្លីនតុន បានទទួលរហូតដល់ ៤៦,៦ភាគរយ ស្របពេលដែល លោកត្រាំភ៍ បាន ៣២,២ ភាគរយ កាលពីថ្ងៃទី១២ ខែមិថុនា។

គួរបញ្ជាក់ថា ចាប់តាំងពីការបាញ់ប្រហារនៅទីក្រុង អ័រឡាន់ដូ រដ្ឋផ្លូរីដា មក លោក ដូណាល់ ត្រាំភ៍ ហាក់បញ្ចេញ ឥទ្ធិពលកាន់តែខ្លាំង ដោយបានវាយប្រហារសង្គ្រប់មិនសំចៃមាត់លើរដ្ឋបាលរបស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក្នុងនោះលោកស្រី គ្លីនតុន ក៏បានចេញមុខបញ្ចេញថ្វីមាត់មិនស្ទើរនោះដែរដើម្បីការពារខ្លួន។ ប៉ុន្តែទោះបីជាបែបនេះក្តី រឿងរ៉ាវនេះ បានផ្តល់ ផលចំណេញមួយចំនួនដែរដល់លោក ដូណាល់ ត្រាំភ៍ ដូចដែលលទ្ធផលស្ទង់មតិចេញមកពេលនេះ៕