(ភ្នំពេញ​)៖ សំណុំរឿង​លោក​ ថោង​ សារ៉ាត់​ និង​អង្គរក្ស​៤នាក់​ ដែល​បច្ចុប្បន្ន​អង្គរក្ស​ម្នាក់បាន​ស្លាប់ ​​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៉ឹង​ ម៉េងជឺ​ ​​ នឹង​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រឹក​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​។

លោក​ មេធាវី​ គា​ អ៊ាវ​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ នេះ​ថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ដោយ​មាន​លោក​ តុប​ ឈុន​ហេង​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​។

គួរ​រំលឹក​ថា​ អង្គរក្ស​របស់​ឧកញ៉ា​ ថោង​ សារ៉ាត់​ គឺ​ ឈ្មោះ​ លី​ សៅ​ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ កាល​ពី​ទៀបភ្លឺ​ថ្ងៃទី​១៧​ ខែ​មិថុនា​។ មន្ត្រី​ពេទ្យ​រុស្ស៊ី​ បញ្ជាក់​ថា​ ការ​ស្លាប់​នេះ​ដោយ​សារមូលហេតុ​ជំងឺ​។

ដោយ​ឡែក​ ​មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ បណ្តឹង​ចោទប្រកាន់​លើ​ឈ្មោះ​ លី​ សៅ​ ពី​ឃាតកម្ម​គិត​ទុក​ជា​មុន​ លើ​ឧកញ៉ា​ អ៉ឹង​ ម៉េងជឺ​ បាន​រលត់​ យោង​តាម​មាត្រា​៧នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ ​

គួរ​រំលឹក​ថា​ លោក​ លី​ សុខលេង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បិទ​ការ​ស៊ើប​សួរ​​ និង​បញ្ចូន​សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៉ឹង​ ម៉េងជឺ​ ទៅ​បើក​សវនាការ​ជំនុំជម្រះ​ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​ពីរ​ឆ្នាំ​រួច​មក​​​។ ក្នុង​សំណុំ​រឿង​នេះ​ មាន​លោក​ ឧកញ៉ា​ ថោង​ សារ៉ាត់​ និង​ អង្គរក្ស​៤នាក់​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​។

ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៉ឹង ម៉េង​ជឺ កក្រើក​រាជធានី​ភ្នំពេញ នេះ​កើតឡើង​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៊ឹង ​ ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌចំការមន ។​

តុលាការ​បាន​ចោទប្រកាន់​លោក​ ថោង​ សារ៉ាត់​ ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ។ ចំណែក​អង្គរក្ស​៤នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​។

​យោងតាម​មាត្រា​២០០ និង ២៩ នៃ​ក្រមព្រហ្មទណ្ឌ ឃើញថា ​ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​អាច ប្រឈម​មុខ​នឹង​ការជាប់​ព​ន្ធ​នាគារ​អស់​មួយ​ជីវិត ​ប្រសិនបើ​តុលាការ​រក​ឃើញថា​ មាន​ពិ​រុ​ទ្ធ​ ភាព​ដូច ការចោទប្រកាន់​មែន៕​