(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ គណ:គ្រូពេទ្យខេត្តព្រះសីហនុ បានរៀបចំពិធីបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត សម្រាប់អាណត្តិ៦ឆ្នាំ លើកទី៣ និងសមាជិក ការិយាល័យក្រុមប្រឹក្សា សម្រាប់រយៈកាល២ឆ្នាំ លើកទី១។

ពិធីបោះឆ្នោតនេះ ប្រព្រឹត្តទៅនាមន្ទីរសុខាភិបាលខេត្ត និងមានការអញ្ជើញចូលរួម ជាគណៈអធិបតីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិកម្ពុជា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

យោងតាមលទ្ធផលបោះឆ្នោតជ្រើសរើសនេះ គណៈគ្រូពេទ្យដែលមានសមាជិកទាំងអស់ចំនួន៩រូបគឺ លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ជាប់ជាប្រធាន និងជាសមាជិក តំណាងគណៈគ្រូពេទ្យជាតិផងដែរ លោកគ្រូពេទ្យ សែជូ សិទ្ធិជោតិ អនុប្រធានទី១ លោកវេជ្ជបណ្ឌិត សោម ដារ៉ា អនុប្រធានទី២ លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា អគ្គលេខាធិការ រួមទាំងអគ្គលេខាធិការរង១រូប ហេរញ្ញិក១រូប ហេរញ្ញិករង១រូប ព្រមទាំងសមាជិក ២រូបផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា គណៈគ្រូពេទ្យខេត្តព្រះសីហនុ បានធ្វើការដំណើការ រៀបចំការបោះឆ្នោតជ្រើសរើស សមាសភាពសមាជិក ក្រុមប្រឹក្សាគណៈគ្រូពេទ្យបានចំនួន៣ លើកមកហើយ ក្នុងការបោះឆ្នោត លើកទី៣នេះ ក្នុងចំណោមសមាជិកចូលរួម១៧រូប ឈរឈ្មោះនៃចំនួនគ្រូពេទ្យ សរុបទាំងអស់៧០រូប ក្នុងសមាសសភាព១៧រូប បោះឆ្នោតទទួលបានលទ្ធផល ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ ចំនួន៩រូបពេញសិទ្ធិ បានប្រកាសទទួលស្គាល់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ ដោយមានមួយរូបជាប្រធាន អមដោយអនុប្រធាន២រូប សមាជិក២រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង១រូប និង ហិរញ្ញិក១រូប ហិរញ្ញិករង១រូប និងសមាជិក២រូប ។

លោកសាស្ត្រាចារ្យ ធា គ្រុយ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរ និងគាំទ្រចំពោះ សកម្មភាពរបស់ក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តព្រះសីហនុ ដែលបានសហការគ្នា ក្នុងការអភិវឌ្ឍ និងជួយយ៉ាងច្រើន ដល់សង្គមជាតិនៅក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមយ៉ាងសកម្ម ពីវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យ ដែលបានអនុវត្តភារកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ទទួលបានជោគជ័យ ។

គណៈអធិបតីក៏បានផ្ដាំផ្ញើ អោយគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ សុខុមាលភាពជូនប្រជាពលរដ្ឋ អោយបានល្អ និងបន្តអនុវត្តនូវក្រមសីលធម៌គ្រូពេទ្យ និងសហការជាមួយអង្គភាពនានាជាពិសេស មន្ទីរសុខាភិបាលខេត្តព្រះសីហនុឲ្យបានល្អ៕