(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក​ សហការជាមួយកម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ នៅថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន ដោយដកហូតថ្នាំចំនួន៥កញ្ចប់។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហេង នី ភេទស្រី អាយុ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារទួលសង្កែ ផ្លូវ៦៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោកបានបន្តថា ជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅត្រង់ចំណុចផ្សារទួលសង្កែភូមិ១៩ផ្លូវ៩០០ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រៅពីថ្នាំញៀនទាំង៥កញ្ចប់ កម្លាំងនគរបាលរបស់លោក បានដកហូត ទូរស័ព្ទ SAMSUNG GALAXY S 3 ពណ៍ស ចំនួនមួយគ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការ តាមនិតិវិធីនៃច្បាប់៕