(ហ្វាំងឡង់)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស និងការអភិវឌ្ឍន៍របស់ប្រទេសហ្វាំងឡង់ លោកស្រី Lenita Toivakka បានប្រកាសចុះចេញពីតំណែង ពាក់ព័ន្ធនឹងរឿងអាស្រូវ​ពន្ធ ដែលនាំឲ្យខូចឈ្មោះជាសាធារណៈ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ ខែមិថុនា។

កាសែតក្នុងស្រុក Helsingin Sanomat បានចុះផ្សាយដោយស្រង់សំដីលោក Petteri Orpo ប្រធាន​គណបក្សគណបក្សសម្ព័ន្ធជាតិ (NCP) ថា លោក និងលោកស្រី Toivakka បានជួបពិភាក្សាគ្នា​តាមរយៈ​ទូរស័ព្ទ ដោយក្នុងនោះលោកស្រី Toivakka បានបញ្ជាក់ថា នឹងចាកចេញពីតំណែង ព្រោះមិនចង់ឲ្យមាន​រឿង​អាស្រូវដល់បក្ស។

កាលពីខែវិច្ឆិកាឆ្នាំមុន លោកស្រី Toivakka ត្រូវបានគេរកឃើញថា លោកស្រីមានក្រុមហ៊ុនផ្ទាល់ខ្លួន​មួយ​នៅ​ក្នុងប្រទេសប៊ែលហ្សិក ដែលក្នុងនោះលុយដែលបង្កើតក្រុមហ៊ុនគឺជារបស់លោកស្រីតែម្នាក់គត់ ដូច្នេះហើយ​ទើប​ធ្វើឲ្យកើតមានរឿងអាស្រូវពន្ធ មកដល់លោកស្រី និងជះឥទ្ធិពលដល់​​គណបក្ស៕