(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងថតចម្លងឌីសខុសច្បាប់មួយកន្លែង ដែលមានទីតាំងនៅជាប់ផ្សារសាមគ្គីក្រចេះ និងដកហូតបានឌីសប្រមាណ២ពាន់បន្ទះ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនផលិតកម្មស៊ីឌីក្នុងស្រុកមួយ ដោយមានការដឹកនាំពីលោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត និងមានការសម្របសម្រួលពីលោក សោ ​វុទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងចម្លងឌីសនេះ មានឈ្មោះ គីម ម៉ូវ អាយុ៥០ឆ្នាំ​រស់នៅភូមិក្រចេះ​ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចរឹបអូសបានសម្ភារៈ​ជាគ្រឿងសម្រាប់ថតចម្លងស៊ីឌី និងស៊ីឌី ប្រមាណ២ពាន់បន្ទះ ផងដែរ។ បច្ចប្បន្នម្ចាស់ទីតាំងខាងលើ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចបានចុះបង្រ្កាបទីតាំង ជួល លក់ និងថតចម្លងស៊ីឌីក្លែងក្លាយខុសច្បាប់មួយ នៅស្រុកឆ្លូង កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ និងបានបញ្ជូនខ្លូនម្ចាស់​ទីតាំងទៅតុលាការផងដែរ៕