(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រួត​ពិនិត្យលទ្ធផលការងារ និងពង្រឹង​បច្ចេកទេសស៊ើបអង្កេត នៃបទលើ្មសសេដ្ឋកិច្ច​ដល់មន្ដ្រីជំនាញ។ ពិធីនេះដែរ ប្រព្រឹត្តទៅនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដោយក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី សួន ណារ៉ា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តម​សេនីយ៍ ពេជ សុត្ថារ័ត្ន ស្នងការរងខេត្តព្រៃវែង។

លោកឧត្តមសេនីយ៍ត្រី សួន ណារ៉ា បានលើកឡើងថា ពិធីនេះមានគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ជាពិសេសឲ្យស៊ីជម្រៅ លើបច្ចេកទេស​ស៊ើប​អង្កេត ក្នុងបទឱសថដល់មន្ដ្រីនគរបាលប្រឆាំងបទលើ្មសសេដ្ឋកិច្ច និងអធិការ អធិការរងទទួលផែនយុត្តិធម៌ទាំង១៣ក្រុង-ស្រុក រួមទាំងមេបញ្ជាការ មេបញ្ជាការរងវរៈ ប៉ុស្ដិ៍តាមបណ្ដោយព្រំដែន។ បន្ថែមពីនេះ ឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង និងបទពិសោធន៍ថែមទៀត ដើម្បីពង្រឹង​អភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន​ឲ្យកាន់តែល្អ​ប្រសើមួយកំរិតថែមទៀត ហើយដើម្បីក្លាយជាមន្រ្តី ដែលមានជំនាញត្រឹម​​ត្រូវច្បាស់លាស់ ទៅបំរើអង្គភាព​ឲ្យមានប្រសិទ្ធិភាពខ្ពស់៕