(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang ថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រអង្គការជាដៃគូរបស់ អូស្រ្តាលីក្នុងការអនុវត្តគម្រោងនានា ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។

ការថ្លែងដូច្នេះរបស់លោក ក្នុងឱកាសទទួលបានការអនុញ្ញាតពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ចូលជួបសវនាការ និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ជំនួបនេះបានធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីរូបនេះ ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជា ការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ថា ឆ្នាំ២០២២ គឺជាខួប អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្រា្តលី។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដែលមានថវិកាសរុបប្រមាណ ១៨៣លានដុល្លារអូស្ត្រាលី តាមរយៈ គម្រោងជាច្រើនដូចជា៖

* គម្រោងសមធម៌ និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជា (Health Equity and Quality Improvement Project) ដំណាក់កាលទី១ និងកំពុងបន្តដំណាក់កាលទី២
* គម្រោងទ្រទ្រង់វិស័យសុខាភិបាលជំហានទី២ (Health System Support Program Phase 2)
* គម្រោង Partnering to Save Live: Reproductive Health and MCH
* គម្រោងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ
* គម្រោងអាហារូបត្ថម្ភនៅកម្ពុជា

ក្នុងនោះតាមរយៈមូលនិធិសកលបានចូលរួម៖
* The Global Alliance for Vaccines and Immunizations (GAVI)
* គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់
តាមរយៈ Australia’s Indo-Pacific Centre for Health Security’s regional programs: ការកសាងសមត្ថភាពុមន្រ្តីសុខាភិបាល លើផ្នែកនិយ័តកម្មធ្វើតេស្តឱសថ និងផលិតផល វេជ្ជសាស្រ្ត។

លោករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថា ក្នុងកាលៈទេសៈដែលកម្ពុជា និងពិភពលោកទាំងមូលបាន ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រទេសអូស្រ្តាលីបានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតប ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ រួមមាន៖

* ផ្តល់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់មនុស្សចាស់និងកុមារ សរុបចំនួន ២,៨០០,០០០ដូស
* ផ្គត់ផ្គង់ទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំង ចំនួន១០០គ្រឿង និងបរិក្ខារ ប្រព័ន្ធត្រជាក់ដទៃទៀត
* គំនិតផ្តួចផ្តើមបង្កើតនូវ Cambodia COVID-19 Development Response Plan (2020-2021 & 2021-2022) គឺជាផែនការអភិវឌ្ឍសម្រាប់ឆ្លើយតបនឹងកូវីដ-១៩ ដែលផ្តោតលើសុខភាព ស្ថេរភាព និងការងើប ឡើងវិញនៃសេដ្ឋកិច្ច ដែលវិស័យសុខាភិបាល អូស្រា្តលីជួយដល់កម្មវិធី៣ គឺ១៖ការកសាងសមត្ថភាព ផ្នែកសន្តិសុខសុខភាព រួមមានការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ អេពីដេមីសាស្រ្ត ប្រព័ន្ធផ្តល់ថ្នាំបង្ការ, ២៖ គម្រោងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និងការចូលរួមរបស់សហគមន៍ ក្នុងការផ្តល់សេវា ថែទាំសុខភាព និង៣៖ គម្រោងធ្វើឱ្យប្រសើរឡើងអនាម័យនិងអាហារូបត្ថម្ភដល់ស្រ្តី កុមារ និងគ្រួសារ។

ជំនួយឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈអង្គការ Population Services International (PSI) ចំនួន២លានដុល្លារអូស្រ្តាលី និងមូលនិធិ Mérieux ចំនួន ៤,៤លានដុល្លារអូស្រ្តាលី។

ជាទីបញ្ចប់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានជូនពរលោកឯកអគ្គរដ្ឋទូតបានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕