(វ៉ាស៊ីនតោន)៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេបានព្យាយាមដណ្តើមកាំភ្លើងពីមន្ត្រីប៉ូលិស នៅពីមុខសណ្ឋាគារមួយ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយក្រោយពីប៉ូលិសធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនមានបំណងចង់បាញ់សម្លាប់លោក ដូណាល់ ត្រាំភ៍ បេក្ខភាពតំណាង​រាស្ត្ររបស់គណបក្សសាធារណរដ្ឋ នៅលើវេទិកាដែលលោកកំពុងថ្លែងនោះតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។

បុរសវ័យ ១៩ឆ្នាំ ដែលត្រូវបានប៉ូលិសឃាត់ខ្លួនខាងលើនេះ មានប្រភពមកពីចក្រភពអង់គ្លេស ត្រូវបានប៉ូលិសចាប់ខ្លួន នៅពីមុខសណ្ឋាគារ Treasure Island នៅក្នុងទីក្រុង Las Vegas ដ៏ល្បីល្បាញរបស់អាមេរិក ក្រោយពីយុវវជនរូបនេះ ព្យាយាមដណ្តើមកាំភ្លើងពីមន្ត្រីមានសមត្ថកិច្ច។ លោកបានសារភាពថា បានធ្វើដំណើរពីរដ្ឋកាលីហ្វរញ៉ា មកកាន់ ទីក្រុង Las Vegas នេះ ក្នុងគោលបំណងតែមួយគត់ គឺផ្តាច់ជីវិតលោក ដូណាល់ ត្រាំភ៍។

គួរបញ្ជាក់តាមការលើកឡើងរបស់ប៉ូលិស ដែលបានសួរចម្លើយយុវជនឈាមរាវឈ្មោះ Stanford ខាងលើនេះទៀតថា តាមពិត Sandford មានគំរោងសម្លាប់លោក ដូណាល់ ត្រាំភ៍ ជិតមួយឆ្នាំមកហើយ ក៏ព្រោះតែរូបគេមិនពេញចិត្តទៅ នឹងនយោបាយនានា ដែលលោក ត្រាំភ៍ លើកឡើងនៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត។ ប្រការនេះត្រូវបានគេនឹក ឃើញដល់អំពើហិង្សា ដែលខ្លះបានដល់ថ្នាក់បង្ហូរឈាមគ្នា រវាងអ្នកគាំទ្រ និងស្អប់លោក ដូណាល់ ត្រាំភ៍ ដែលធ្លាប់ កើតមានរួចមកហើយនៅតាមទីក្រុងមួយចំនួន៕