(ភ្នំពេញ)៖ នៅថ្ងៃទី២០​ ខែ​មិថុនា​ ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក ហ្រ្វង់ស្វ័រ សាវីអ័រ រ៉ុស ជាទីប្រឹក្សាក្រសួងសុខាភិបាល ដែលឋានៈស្មើ អនុរដ្ឋលេខាធិការ ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាមន្ទីរពេទ្យកាល់ម៉ែត្រ ។

លោក រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងអបអរសាទរដល់លោក  ហ្រ្វង់ស្វ័រ សាវីអ័រ រ៉ុស  ដែលត្រូវបានរាជរដ្ឋាភិបាលបានតម្លើង ជាទីប្រឹក្សាក្រសួងសុខាភិបាល នាពេលនេះមានឋានៈស្មើរអនុរដ្ឋលេខាធិការ ​ហើយការទទួលនេះ​ពិតជាប្រសើរណាស់ ព្រោះលោក បានជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ទាំងការពង្រីក និង សេវាកម្មវេជ្ជសាស្រ្ដប្រព័ន្ធប្រសាទផងដែរ។

លោករដ្ឋមន្ដ្រីបន្ដថា ជាងនេះទៅទៀត លោក ហ្រ្វង់ស្វ័រ សាវីអ័រ រ៉ុស  ក៏បានជួយបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុងស្រុក ឲ្យទៅសិក្សានៅក្រៅប្រទេស ពិសេស ប្រទេសបារំាង ដែលបានធ្វើឲ្យវិស័យសុខាភិបាលយើង បានឈានទៅមុខឆ្ពោះទៅរកភាពរីកចម្រើនថែមទៀត។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី បន្ថែមថា «ជាមួយគ្នានេះ ខ្ញុំសូមសារទរដល់ លោកសាស្រ្ដាចារ្យ ហ្រ្វង់ស្វ័រ សាវីអ័រ រ៉ុស ក្នុងអំឡុងពេល ដែលលោក ឡើងកាន់តំណែងនេះ ជួយបន្ដពង្រឹងថែមទៀតទៅលើជំនាញប្រព័ន្ធប្រសាទ ក្នុងការផ្ដល់ប្រឹក្សា និងកិច្ចសហប្រតិបត្ដិការលើជំនាញប្រព័ន្ធប្រសាទនេះ នៅមន្ទីរពេទ្យកាលម៉ែត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលឲ្យកាន់តែវិវឌ្ឍន៍ ក្នុងវិស័យសុខាភិបាលនេះ កាន់តែប្រសើរឡើងផងដែរ»

លោក ហ្រ្វង់ស្វ័រ សាវីអ័រ រ៉ុស ដែលជាសប្បុសរជន តែងតែសកម្មក្នុងការជួយក្នុងវិស័យសុខាភិបាល ថែមទាំងបំប៉ន និងបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស ជាច្រើនឆ្នាំមកនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានទំនុកចិត្ដនិងបានតែងតាំងរូបលោក ជាទីប្រឹក្សាក្រសួងនាពេលនេះ «ខ្ញុំសូមប្ដេជ្ញាចិត្ដថា នឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យអស់កម្លាំងកាយចិត្ដទាំងប្រាជ្ញា ស្មារតីក្នុងការចូលរួមចំណែក ធ្វើឲ្យវិស័យសុខាភិបាលកាន់តែប្រសើរថែមទៀត»