(សៀមរាប)៖ គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គលើកទី២៩ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

កិច្ចប្រជុំពេញអង្គលើកទី២៩នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យពិភាក្សាទៅលើរបាយការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។

ក្នុងនោះដែរក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន២៖ ១.រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២. អាជ្ញាធរជាតិអប្សរា និងស្ថាប័ន JASA ជប៉ុន។

បន្ថែមពីលើនេះ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងចូលរួមជាអធិបតីក្នុងការបំពាក់គ្រឿងឥស្សរិយយស ជូនដល់អ្នកជំនាញជាតិនិងអន្តរជាតិដែលបានចូលរួមចំណែកក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គររយៈពេល៣០ឆ្នាំមកនេះ៕