(ភ្នំពេញ)៖ សាច់ញាតិរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១៦ ខែមិថុនានេះ អ្នកឧកញ៉ា ថេង ប៊ុនម៉ា ត្រូវបានបញ្ជូនពីទីក្រុងបាងកក មកដល់រាជធានីភ្នំពេញហើយ បន្ទាប់ពីគេងសម្រាកព្យាបាលជំងឺនៅទីនោះ អស់ជាច្រើនឆ្នាំ ជាមួយជំងឺលើសឈាមរាំរ៉ៃរាប់ឆ្នាំធ្ងន់ធ្ងរទៅៗ ហើយមានសង្ឃឹមតិច។

អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលជាសេដ្ឋី និងជាអគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង ជាក្រុមហ៊ុនបើករកស៊ី នៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០ ហើយបានបាត់ដំណឹងស្ងាត់សូន្យ ដោយទៅគេងសម្រាកព្យាបាលនៅបាងកក ប៉ុន្តែនៅពេលនេះត្រូវបានបងប្អូនកូនចៅសម្រេច បញ្ចូនពីមន្ទីរពេទ្យនៅទីក្រុងបាងកក មកព្យាបាលបន្តនៅមន្ទីរពេទ្យរូយ៉ាល់ភ្នំពេញ ក្នុងរាជធានីភ្នំពេញវិញ បន្ទាប់ពីស្ថានភាពជំងឺលើសឈាមរាំរ៉ៃរាប់ឆ្នាំធ្ងន់ធ្ងរទៅៗ។

សូមជំរាបថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលរងនូវជំងឺលើសឈាម ហើយទៅគេងសម្រាកព្យាបាលជំងឺ នៅទីក្រុងបាងកក ប្រទេសថៃ និងស្នាក់នៅផ្ទះកូនស្រីព្យាបាលជំងឺអស់ជាច្រើនឆ្នាំ ដោយនៅពេលនេះភាពសង្ឃឹមមានតិច ក៏សម្រេចបញ្ជូនមកព្យាបាលបន្តនៅខ្មែរ៕