(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានរំលឹកជាថ្មីដល់សហរដ្ឋអាមេរិក កុំឲ្យជ្រៀតជ្រែ​នៅក្នុងបញ្ហាផ្ទៃក្នុងរបស់ចិន ដូចជា​រឿង​ចិន និងទីបេជាដើម ព្រោះវាអាចនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មានភាពល្អក់កករ។ នេះបើយោងតាមការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ការចេញសេចក្ដីក្រើនរំលឹកដល់អាមេរិក ត្រូវបានធ្វើឡើងក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាបិទទ្វារជាមួយនឹងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅសេតវិមាន នាថ្ងៃពុធម្សិលមិញនេះ។

«កិច្ចការទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូច្នេះគ្មានប្រទេសបរទេសណាមានសិទ្ធិមានជ្រៀតជ្រែក​បាន​ឡើយ»។ នេះជាសំដីរបស់លោក Lu Kang អ្នកនាំពាក្យរបស់​ក្រសួងការបរទេសចិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀល​ថ្ងៃនេះ។

លោក Lu បានឲ្យដឹងទៀតថា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានតួនាទីជាអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែរឿង​ការចង់បានឯករាជ និងចង់ផ្ដាច់ចេញពី​ចិននោះ វាមិនមែនជារឿងដែលគាត់ត្រូវលើកយកទៅពិភាក្សាជាមួយ​នឹង​បណ្ដា​ប្រទេសផ្សេងឡើយ ពោលគឺមានតែចិនមួយប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះបាន។

គួរបញ្ជាក់ផងដែរថា នៅកិច្ចជំនួប​បិទទ្វាររវាងលោក អូបាម៉ា និងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ត្រូវបានចិនយល់ឃើញថា បានលើកយកបញ្ហាទីបេ ចង់ផ្ដាច់ខ្លួនចេញពីចិន ដែលចំណុចនេះហើយទើបចិន រំលឹកអាមេរិកកុំឲ្យលួកដៃ​ក្នុងកិច្ចការ​ផ្ទៃក្នុង៕