(ភ្នំពេញ)៖ អាជ្ញាធរមីន ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាស​ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជានអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន២លានអឺរ៉ូ (១,៧៨២,៥៣១ដុល្លារ) សម្រាប់ប្រតិបត្តិការរំដោះផ្ទៃដី ដែលរងការគម្រាមកំហែងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្ដល់ថវិកាចំនួន២លានអឺរ៉ូ ដល់អាជ្ញាធរមីនកម្ពុជា តាមរយៈអង្គការ HALO Trust សម្រាប់ប្រតិបត្តិការរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ​២០១៦-២០១៧ ដោយបានចូលរួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយសង្គ្រោះប្រជាជនកម្ពុជារាប់ម៉ឺននាក់ ចេញពីការគម្រាមកំហែងដោយមីន ក្នុងនោះអង្គការ HALO Trust បានរំដោះផ្ទៃដីមីន បានចំនួន១៩៣.៩៧គីឡូម៉ែត្រក្រឡា ដោយបានយកមីនចេញពីផ្ទៃដី ចំនួន៥,១១០គ្រាប់ មីនតោនចំនួន១៤០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៥,៥៣៤គ្រាប់ គិតចាប់ពីឆ្នាំ១៩៩២ ដល់២០១៥។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកជាអនុសាសន៍ណែនាំមួយថា «ប្រែក្លាយពីដីពេជ្ឈឃាត ទៅជាដីអភិវឌ្ឍន៍» ដែលបានដាក់ចូលក្នុងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍ​សហសតវត្សន៍ ហើយសកម្មភាពរំដោះមីននេះ បាននិងកំពុងចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកម្ពស់ជីវភាពប្រជាជនកម្ពុជា។