(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប៊ុន រ៉ាសីុ អនុប្រធាននាយកដ្ឋានអភិរក្ស តំណាងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​ជាប្រធានរដ្ឋបាល​ជលផល លោក ឈួន គឹមឈា អនុប្រធាននាយកដ្ឋានកិច្ចការជលផល បានដឹកនាំមន្ដ្រីជំនាញចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅក្នុងតំបន់គ្រប់គ្រងការពារ ជាកន្លែងអភិរក្សសត្វផ្សោត និងត្រីមេពូជ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលបានធ្វើឡើងពេលមួយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

​ក្នុងនោះដែរ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំទន្លេខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានការចង្អុលបង្ហាញពីលោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត ពិសេសក្រោមការដឹកនាំផ្ទាល់ពីមន្រ្តីជលផលថ្នាក់កណ្តាល និងមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយប្រើប្រាស់ទូកម៉ាស៊ីន៨គ្រឿង និងដោយ​មានការចូលរួមពីក្រុមឆ្មាំទន្លេ ព្រមទាំងកម្លាំងនគរបាលស្រុកពាក់ព័ន្ធ និងសហគមន៍នេសាទសរុប៣០នាក់ ។

លោកបន្តថា ប្រតិបត្តិការខាងលើ គឺសមត្ថកិច្ចចម្រុះធ្វើការរឹបអូសបានមង ដែលអ្នកនេសាទលួចដាក់តាមអន្លង់អភិរក្ស ហើយមានក្រលាធំពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ បាន១៧ត្បូង និងមានប្រវែងជិត១ពាន់ម៉ែត្រ។

​ជាមួយគ្នានេះដែរ លោកក៏បាន ធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ដល់អ្នកនេសាទដោយប្រើមងក្រឡាតូចទំហំពី៣សង់ទីម៉ែត្រ ទៅ៦សង់ទីម៉ែត្រ បាន២ករណី និងមនុស្សប្រព្រឹត្ត៣នាក់ផងដែរ។

បន្ថែមពីនេះ លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ឲ្យដឹងថា ពេលនេះជារដូវបិទនេសាទ ដូច្នេះនៅក្នុងកន្លែងអភិរក្សផ្សោតទាំងអស់ គឺច្បាប់មិនអនុញ្ញាត​អោយ​ប្រើ​ប្រាស់ឧបករណ៍ឆក់ និងមងឡើយ ទោះជាក្រលាធំ ឬក្រលាតូចក៏ដោយ ព្រោះវាបណ្តាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ចុះឡើងរបស់ផ្សោត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ហ្វូង​ត្រីមេពូជផងដែរ។

លោកអនុប្រធាននាយកដ្ឋាន បានបន្តទៀតថា ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ និងត្រីមេពូជរបស់យើងឲ្យបានគង់វង្ស លោកបានជំរុញដល់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ជាពិសេសឆ្មាំ​ទន្លេ​ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង ការពារសត្វផ្សោតឲ្យបានស្ថិតស្ថេរគង់វង្ស ពិសេសត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត បង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍ នេសាទ សូមឲ្យបងប្អូនចូលរួមជាមួយសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសនេសាទ ហើយត្រូវហ៊ាន​រាយ​ការណ៍ ផ្តល់ព័ត៌មាន ដល់មន្រ្តីមានសមត្ថកិច្ច នៅពេលប្រទះឃើញជនខិលខូច កំពុងប្រព្រឹត្តបទល្មើសនេសាទ ដើម្បីឲ្យសមត្ថកិច្ច ព្រមទាំងមន្រ្តីជំនាញ ចុះអន្តរាគមន៍ទប់ស្កាត់ បង្ក្រាបបទល្មើស បានទាន់ពេលវេលា៕