(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រ​ជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះថា ការរៀបចំពិធីសាសនា​របស់គណបក្ស​សង្គ្រោះជាតិ គឺជាសិទ្ធិរបស់បុគ្គល, ប៉ុន្តែបើតាមគំនិតរបស់លោកថា មិនបាច់រៀបចំពិធីសាសនាបន់ស្រន់ដើម្បី ដាស់អារម្មណ៍អ្នកនយោបាយ ឲ្យមកគិតគូរបញ្ហាប្រទេសជាតិនោះទេ សូមគោរពច្បាប់ ហើយកុំប្រព្រឹត្តិ​អ្វីដែលខុសច្បាប់ទៅ អ្វីៗចប់ហើយ។

មន្រ្តីអ្នកនាំពាក្យគណបក្សប្រជាជនរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបន់ស្រន់ជាសិទ្ធិរបស់គេ, ប៉ុន្តែខ្ញុំសូមផ្តាំទៅគណបក្សសង្គ្រោះជាតិ ឲ្យជឿតាមតែខ្ញុំទៅ មិនបាច់រៀបចំ​ពិធីសាសនា បន់ស្រន់ ដើម្បីដាស់អារម្មណ៍ អ្នកនយោបាយ អ្នកស្នេហាជាតិឲ្យមកបែរមកគិតគូរផលប្រយោជន៍ ប្រទេសជាតិនោះទេ សូមតែគោរពតាមច្បាប់ កុំធ្វើអ្វីដែលខុស​ច្បាប់ទៅ អ្វីៗចប់ហើយ និងមិនមានបញ្ហាកើតឡើងទៀតទេ»

ការឆ្លើយតបរបស់លោក សុខ ឥសាន បែបនេះធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមជាមួយនឹងប្រជា​ពលរដ្ឋ នឹងរៀបចំពិធីសាសនាមួយ នៅលើទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។

ពិធីសាសនានេះ គ្រោងរៀបចំធ្វើ​នៅខាងមុខព្រះអង្គចេក ព្រះអង្គចម និងនៅមុខប្រាសាទអង្គរវត្ត ដើម្បីបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ​ដែលមាននៅក្នុង ខេត្តសៀមរាប និងនៅក្នុងប្រទេស​ជួយដាស់អារម្មណ៍ និងសតិរបស់ថ្នាក់ដឹកនាំ​​គណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយទាំង​អស់នៅកម្ពុជា បែរមកគិតគូរ​ពីបញ្ហាជាតិ៕