(ភ្នំពេញ)៖ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ រួមជាមួយ នឹងប្រជាពលរដ្ឋ នឹងរៀបចំពិធីសាសនាមួយ នៅលើទឹកដីខេត្ត​សៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។

ពិធីសាសនានេះ គ្រោងរៀបចំធ្វើនៅខាងមុខព្រះអង្គចេក ព្រះអង្គចម និងនៅមុខប្រាសាទអង្គរវត្ត ដើម្បីបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិដែលមាននៅក្នុង ខេត្តសៀមរាប និងនៅក្នុងប្រទេសជួយដាស់អារម្មណ៍ និងសតិរបស់ថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយទាំងអស់នៅកម្ពុជា បែរមកគិតគូរពីបញ្ហាជាតិ។

លោក សុន ឆ័យ បានបន្តថា មូលហេតុដែលមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ រៀបចំពិធីសាសនា នៅខេត្តសៀមរាប នាពេលនេះ គឺដោយសារតែខេត្តសៀមរាប ជាតំណាងដ៏អធិបតី​ភាពភាពរីក​ចំរើន និងការគ្រប់គ្រងប្រទេសជាតិ នៅសម័យអង្គរ។ សម័យអង្គរជាសម័យ ដែលជាតិខ្មែរមានឯកភាពនឹងគ្នា និងជាខេត្តដែលឡើងដល់កំរិតកំពូល។​ ដូច្នេះលោកមិន​ចង់ឲ្យអ្នកនយោបាយ​ផ្ចាញ់ផ្ចាល់​គ្នា ហើយបែរមកងាកឯកភាពគ្នា រួមកម្លាំងគ្នា ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ។

លោក សុន ឆ័យ បានលើកឡើងបែបនេះ ខណៈលោកថ្លែងពីសេចក្តីប្រកាសព័ត៌មាន ស្ដីអំពី «ការវិវត្ដន៍ នៃស្ថានភាពនយោបាយ» ​នៅទីស្នាក់ការ កណ្ដាលគណបក្សសង្រ្គោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦៕