(ភ្នំពេញ)៖ ពាក់ព័ន្ទការប្រកួតបាល់ទាត់ដណ្តើមពានប្រចាំតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកទៅដល់និស្សិតថា គ្រាន់តែទាយបានហើយ តែកុំភ្នាល់ប្រយ័ត្នអស់លុយបង់សាលា។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣)» នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតបាល់ទាត់នៅអឺរ៉ុប ត្រូវតែតាមដាន ព្រោះវាជាព្រឹត្តិការណ៍ពិភពលោកមួយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរទៅដល់ក្រុមបាល់ទាត់អាល្លឺម៉ង់ ថាជាក្រុមខ្លាំងមួយនាពេលបច្ចុប្បន្ន។

ជាមួយការថ្លែងពាក់ព័ន្ធទៅនឹងការប្រកួតបាល់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតក្រើនរំលឹកទៅដល់និស្សិតកុំឲ្យភ្នាល់ប្រយ័ត្នចាញ់លុយខានបង់ថ្លៃសិក្សា។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ប៉ុន្តែគ្រាន់តែទាយបានហើយ កុំភ្នាល់! កុំភ្នាល់! ប្រយ័ត្នអស់លុយបង់សាលា ចាញ់បាល់ហើយ សូមសម្តេចជួយបង់ថ្លៃសាលាផង អត់ទេណា!»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរពីជំនួបរបស់សម្តេចជាមួយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់នៅថ្ងៃម្សិលមិញ។ បើតាមការបញ្ជាក់របស់សម្តេច ក្នុងជំនួបនោះ សម្តេចបានស្នើអាល្លឺម៉ង់ ឲ្យជួយលើវិស័យបាល់ទាត់កម្ពុជា ហើយសង្ឃឹមថា នៅ១៥ឆ្នាំក្រោយ​ ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងកម្ពុជា អាចប្រកួតជាមួយគ្នា៕