(ភ្នំពេញ)៖ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (ECTT) បានចាត់លំដាប់ថ្នាក់កម្ពុជា ជាប្រទេសគោលដៅទេសចរណ៍ដ៏ល្អបំផុត នៅលើពិភពលោកសម្រាប់ឆ្នាំ ២០១៦ នេះ ក្នុងចំណោមបណ្តាប្រទេសជាង ៣០ ដែលបានដាក់ពាក្យចូលរួមការប្រកួតប្រជែង។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ ២០១៦។

ការចាត់លំដាប់ថ្នាក់កម្ពុជា ឲ្យស្ថិតនៅលើកំពូលគេឯងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ដោយវាបានកើតចេញពីការខិតខំរបស់កម្ពុជាផ្ទាល់ ដែលបានបញ្ជូនរបាយការណ៍ជាច្រើន ទៅកាន់ ECTT ក្នុងន័យប្រកួតប្រជែងជាមួយប្រទេសខ្លាំងៗ ផ្សេងទៀតដោយបានដាក់ ជំណងជើងរបស់ខ្លួនថា «កម្ពុជា ដែនដីដ៏អស្ចារ្យ ជាទីដែល អាទិទេព និង ស្តេចនានា បង្កើតពិភពលោក!»។

ការឈ្នះរបស់កម្ពុជាពេលនេះ គឺត្រូវបានគណកម្មការអឺរ៉ុបយល់ឃើញដូចៗគ្នាថា ប្រទេសនេះ ពោពេញទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿង និង កេរ្តិ៍តំណែលប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន គួបផ្សំជាមួយ នឹងសម្រស់ធម្មជាតិដ៏ល្អដាច់គេផងដែរ។

សាស្ត្រាចារ្យ Anton Caragea ប្រធានការិយាល័យកណ្តាលរបស់ ECTT ដែលមានសមាជិក ២៨ប្រទេសនៃសហភាពអឺរ៉ុប បានថ្លែងថា «កម្ពុជាជាគោលដៅ ដ៏ល្អឥតខ្ចោះ និងសុវត្ថិភាព លើសគេបំផុត ដែលនឹងឆក់យកបេះដូងរបស់អ្នកជារៀងរហូត»។

អ្នកចូលរួមកាត់សេចក្តី បានស្វែងយល់ដោយផ្អែកលើភាពជាក់ស្តែងនៃសម្បត្តិធម្មជាតិ និងកេរ្តិ៍ ជាប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលកម្ពុជាមាន ដូចប្រាសាទអង្គរវត្ត ដែលមានអាយុកាលតាំងពី សតវត្សរ៍ទី១២ រួមទាំងតំបន់ជុំវិញ, ប្រាសាទព្រះវិហារនៃសតវត្សរ៍ទី ១១, និងជាពិសេសនោះគឺ ឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រដែលស្ថិតក្នុងក្លឹបឆ្នេរល្អដាច់គេលើលោក ទាំងជាង ៣០តំបន់។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ កន្លងទៅនេះប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេស ប្រមាណ ៤,៨លាននាក់ ដែលអាចរកចំណូលបានជាង ៣ពាន់លានដុល្លារអាមេរិក។ នេះបើយើងតាម របាយការណ៍ពីក្រសួងទេសចរណ៍។ ដូច្នេះកការជាប់ឈ្មោះជាគោលដៅទេសចរណ៍ ល្អបំផុតលើ ពិភពលោកថែមទៀតនេះ ត្រូវបានគេរំពឹងទុកថា នឹងជួយលើកស្ទួយវិស័យទេសចរកម្ពុជាថែមមួយ កម្រិត តាមរយៈការចាប់អារម្មណ៍ប្រទេសនេះកាន់តែខ្លាំង ពីសហគមន៍អន្តរជាតិ៕