(ពោធិ៍សាត់​)៖​ អគ្គិភ័យមួយបានលេបត្របាក់ តូបប្រជាពលរដ្ឋ ដែលប្រកបរបរលក់សាំង និងហ្វូតូកូពី​ ខ្ទេតគ្មានសល់ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥​ ​ទល់មុខរបងទ្វារ វត្តយាកាបក្រោម​ ស្ថិតនៅក្នុងភូមិក្របីស​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆាបឆេះពីទីតាំងលក់សាំង បន្តឆេះយ៉ាង សន្ទោសន្ធៅ ​បង្កការភ្ញាក់ផ្អើលតែម្តង​ ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកក្រគរ បានជួយអន្ដរាគមន៍ បាញ់ពន្លត់ អស់ទឹកអស់១ឡានទើបពន្លត់បាន។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តូបដែលត្រូវភ្លើងឆេះទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ​ មានទំហំ៦គុណ៦ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះ សេង​ សាំ​ អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ​ សួន​ ដានី​ អាយុ​២៥ឆ្នាំ​ ជាប្រជាពលរដ្ឋរស់នៅភូមិអូរអញ្ចាញ​ ឃុំបឹងកន្ទួត​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ហើយប្រកបរបរលក់សាំង​ លក់ទូរស័ព្ទ​ និង​ហ្វូតូកូពី។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន ម៉ាស៊ីនហ្វូតូកូពី​១គ្រឿង​ ម៉ាស៊ីន​កុំព្យូទ័រ​២គ្រឿង​​ ម៉ាស៊ីន​ស្កែនរូបភាព​១គ្រឿង​ ម៉ាស៊ីន​ព្រីនធឺរ​១គ្រឿង​ ទូរស័ព្ទ​ដៃ​៣០គ្រឿង​ ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ដែលមានក្នុងតូបទាំងអស់​ គិតជាទឹកប្រាក់ជាង​២ម៉ឺន​ដុល្លារ៕