(ភ្នំពេញ)៖ ការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា លើកទី២ ឆ្នាំ២០១៦ (Cambodia ICT Awards 2016) ដែលរៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈានមកដល់វគ្គផ្ដាត់ព្រ័តហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយបេក្ខជន មកពីបណ្ដាលក្រុមហ៊ុន-ស្ថាប័ន២១ បានចាប់ផ្ដើមធ្វើបទបង្ហាញ អំពីកម្មវិធីរបស់ពួក នៅមុខគណៈកម្មការ ដើម្បីប្រកួតប្រជែងដណ្ដើមយកជយលាភី។

ការប្រកួតប្រជែងត្រូវបាន ធ្វើឡើងចាប់តាំងពីព្រឹក រហូតដល់ពេលរសៀល ថ្ងៃទី១៦ ខែមិថុនានេះ ដោយបេក្ខជនទាំង២១រូប ត្រូវឡើងធ្វើបទបង្ហាញ ជាភាសាអង់គ្លេស ពាក់ព័ន្ធនឹងកម្មវិធីរបស់ខ្លួន ជូនគណៈកម្មការ ដើម្បីធ្វើការវិនិច្ឆ័យ ស្វែងរកបេក្ខជនជយលាភីពីលេខ១ ដល់លេខ៣។

ការប្រកាសជយលាភី និងត្រូវរៀបចំឡើង នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា។

ការប្រកួត «ពានរង្វាន់ Cambodia ICT Awards 2016» មានក្រុមហ៊ុន និងស្ថាប័នរដ្ឋចំនួន៣២ បានដាក់ពាក្យចូលរួម​ប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 លើវិញ្ញាសារចំនួន៦។

សូមជម្រាបថា ការប្រកួត «ពានរង្វាន់ Cambodia ICT Awards 2016» រៀបចំឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិត​ច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុន ឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 នេះ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា Media Sponsors ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ ឲ្យបានទូលំទូលាយ​ផងដែរ៕