(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយសីកម្រិត (១) ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា និង សហព័ន្ធកីឡាវាយសីអាស៊ី (BAC) បានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីដំណើរការអស់រយៈពេល ១០ថ្ងៃ​ កាលពីថ្ងៃទី៦-១៦ ខែមិថុនាកន្លងទៅ ដោយមានសិក្ខាកាមកម្ពុជា ១៩នាក់ និងវៀតណាមម្នាក់ ទទួលបានការបណ្ដុះបណ្ដាល ជំនាញគ្រូបង្វឹកកម្រិតខ្ពស់ពីវគ្គនេះ។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងកាលពីព្រឹកមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកកម្ពុជា និងលោក Sam Benthan មន្ដ្រីអភិវឌ្ឍរបស់ BAC ដែលជាគ្រូឧទ្ទេស នៅក្នុងការផ្ទេរនូវបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម រួមទាំងមន្ដ្រីសហព័ន្ធផងដែរ។

ថ្លែងក្នុងឱកាសនោះលោក លី កុសល បានលើកឡើងថា តាមរយៈការប្រឹងប្រែងកន្លងមក គឺទទួលបានផ្លែផ្កាយ៉ាងល្អ ជាមួយនឹងការសម្រេចបានសមិទ្ធផលផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ កត្តានេះហើយ ដែលធ្វើសហព័ន្ធកីឡាវាយ សីអាស៊ី កោតសរសើររហូតបញ្ជូនមន្ដ្រីជំនាញ មកជួយកម្ពុជាបន្ដបន្ទាប់ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡា វាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន។

ជាក់ស្ដែងពេលនេះ BAC បានបញ្ជូនលោក Sam Benthan មកបង្ហាញបច្ចេកទេសកីឡាវាយសី ដល់គ្រូបង្វឹកកម្ពុជា ដែលជាឱកាសដ៏តម្លៃ សម្រាប់សិក្ខាកាមត្រូវព្យាយាមសិក្សាស្វែងយល់ ដើម្បីបង្កើនសមត្ថភាព ក្នុងការបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីបន្ដប្រកបដោយប្រសិទ្ធភាព ហើយសហព័ន្ធនឹងបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់នេះ បន្ថែមទៀតនាពេលខាងមុខ លោក លី កុសល បន្ថែម។

លើសពីនេះ លោកបានបញ្ជាក់ថា «ស្របតាមទិសដៅប្រមុខរាជរដ្ឋាភិបាល ដែលកំណត់សហព័ន្ធមួយ ត្រូវឈ្នះមេដាយ មាស១ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ SEA Games 2023 មិនមែនដល់ឆ្នាំនោះ បានខំប្រឹងទេ គឺត្រូវពង្រឹងពីឥឡូវទៅ ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករវ័យក្មេង និងរៀបចំការប្រកួតនានា ដើម្បីបង្កើនសមត្ថភាព ទើបយើងមានលទ្ធភាពដណ្ដើមមេដាយជូនជាតិបាន»

ជាមួយនឹងការបញ្ចប់វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតខ្ពស់នេះដែរលោក លី កុសល បានស្នើឲ្យគ្រូបង្វឹកទាំងអស់ ត្រូវផ្ទេរចំណេះដឹងឲ្យចំគោលដៅ និងចូលរួមតាមដានការវិវត្តន៍តាមក្លឹប ឬសមាគមកីឡាវាយសីនានា ដើម្បីទទួលបាន ប្រសិទ្ធការងារ។ ពិសេសប្រសិនក្លឹប ឬសមាគមជួបការខ្វះខាតបច្ចេកទេស សម្ភាៈ ឬគ្រូ ក៏អាចស្នើមកសហព័ន្ធ ដើម្បីសម្រួលជូនផងដែរ។

ដោយឡែកលោក Sam Benthan បានមានប្រសាសន៍ថា ឆ្លងកាត់ការផ្លាស់ប្ដូរបទពិសោធន៍ជាមួយសិក្ខាកាម ជាគ្រូបង្វឹកកីឡាវាយសីកម្ពុជា ជាង១០ថ្ងៃ ឃើញថា សិក្ខាកាមម្នាក់ៗ ពិតជាមានការខំប្រឹង ហើយមួយរយៈ ចុងក្រោយនេះ វិស័យកីឡាវាយសីកម្ពុជាពិតជារីកចម្រើនមែន។ លោកសង្ឃឹមថា នៅថ្ងៃអនាគតកីឡាវាយសីកម្ពុជា នឹងធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំង បើសិនថ្នាក់ដឹកនាំសហព័ន្ធ និងមន្ដ្រីជំនាញ បន្ដការខិតខំបែបនេះទៀត៕