(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ បានសាកសួរបន្ថែមទៀត លើ លោកស្រី​ លឹម​ មុន្នី​ មន្ត្រី​សមាគម​អាដហុក​ នៅតុលាការ​។ ជាការសាកសួរបន្ថែម ក្រោមបទចោទ​សូកប៉ាន់​សាក្សី​ ក្នុងពាក្យបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

កាលពីម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​​​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ បាន សាកសួរបន្ថែម លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿង សមគំនិតស៊កប៉ាន់សាក្សី ហើយថ្ងៃនេះសាកសួរបន្ថែមទៅទៀត លោកស្រី​ លឹម​ មុន្នី​ មន្ត្រី​សមាគម​អាដហុក។

គួរបញ្ជាក់ថា លោកស្រី​ លឹម​ មុន្នី មន្ត្រី​សមាគម​អាដហុក​ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីចុងខែមេសា ជាមួយមន្រ្តីអាដហុក៣រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា ជាមួយនិង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។

មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕