(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ហើយ។ ការបញ្ជាក់អំពីការជាសះស្បើយនេះ ធ្វើឡើងដោយមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ.១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ»

សម្តេចបានបន្តថា៖ «ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ»

សម្តេចបានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបារម្ភសុខទុក្ខសម្តេច និងបានជូនពរដល់សម្តេចកន្លងមក៕