(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្នមន្ត្រីក្រសួងទំនាក់ជាមួយរដ្នសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងជំរុញឲ្យ មន្រ្តីនគរបាលគ្រប់ជាន់​ថ្នាក់​រួមគ្នាអនុវត្តន៍​គោលនយោ​បាយភូមិ-​ឃុំមានសុវត្ថិភាព​ទាំង៩ចំណុច​ឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងពិធីសម្ពោធអាគារអធិការដ្ឋាននគរបាលស្រុកចន្ត្រា ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ថា ដើម្បីចូលរួមលើកកម្ពស់វិស័យសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាវិស័យអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។ លោកស្រីថ្លែងដូច្នេះ «កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់​ក្នុងខេត្តត្រូវ​បន្តអនុវត្តគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីធានាផ្តល់សន្តិសុខសុវត្ថិភាពភាពសុខសាន្តជូនប្រជាជនយើង»

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ប្រជាពលរដ្នទាំងអស់ជួយពន្យល់ណែនាំ ផ្តល់ដំបូន្មានដល់កូនចៅក្មួយកំពុងធ្វើការងារតាមបណ្តារោងចក្រនានា ដែលកំពុងទទួលបានប្រាក់ខែ​ទៀងទាត់​សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកុំជឿតាមការញុះញុង់អូសទាញរបស់ជនអគតិមួយចំនួនទៅចូលរួមធ្វើបាតុកម្ម កុប្បកម្មប្រឆាំងរោងចក្រនាំឲ្យបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ហើយធ្វើឲ្យជីវភាព​គ្រួសារធ្លាក់ក្នុងភាពក្រី ក្រ។

គ្រាដែលរដូវវស្សាឈានចូលមកដល់នោះ លោកស្រី ម៉ែន សំអន បានសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ចុះឲ្យដល់មូលដ្ឋានផ្ទាល់របស់ពលរដ្ន និងណែនាំគាត់ឲ្យចេះថែរក្សា​ទឹកទុកសម្រាប់បង្កង្កើនផល និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយឲ្យគាត់ត្រូវចេះប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ឫបាតុភូតផ្គររន្ទះពេលមេឃកំពុងភ្លៀងជាដើម។

មិនតែប៉ុណ្ណោះលោកស្រី ម៉ែន សំអន អំពាវនាវដល់អាជ្ញាធរគ្រប់គ្រប់ជាន់ថ្នាក់ខិតខំថែមទៀត ក្នុងការបន្តជំរុញកសាងហេដ្ឋារចនាសម្ពន្ធ័រូប វន្ត័ ខិតខំដោះស្រាយឲ្យបាននូវបាតុភាពផ្សេងៗ ក្នុងមូល​ដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធផលនានា ដែលបានកសាងដំណើរការល្អ ថែរក្សាគង់វង្ស និងរីកចម្រើនជាបន្តបន្ទាប់ទៀត។

លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាច ដែលបណ្តាលឲ្យរបួស ពិការ និងបាត់បង់ជីវិតធ្វើឲ្យគ្រួសារធ្លាក់ទៅរកភាពក្រីក្រ។

សូមបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា អគារអធិការដ្ឋានស្រុកចន្ទ្រានេះ ជាអំណោយរបស់លោកស្រី ម៉ែន សំអន ដែលមានទទឹង ៧.៥០ម៉ែត្រ និងបណ្តោយ ៣០.៧០ម៉ែត្រ មាន ៧បន្ទប់ សម្រាប់ធ្វើការងារចំណាយថវិកាអស់ ៥០,៧៧៥ដុល្លា។ ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ផ្តល់អំណោយជាសារ៉ុងម្នាក់មួយ និងថវិកាមួយចំនួនដល់កងកម្លាំងប្រជាពលរដ្ន ដែលបានចូលរួមផងដែរ៕