(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានវាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ដែលមានគោលជំហរដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

ការវាយតម្លែរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា «ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលក្នុងនោះប្រធានាធិបតី ចូ បៃដិន បានកោតសរសើរកម្ពុជាចំពោះតួនាទីប្រកបដោយ ស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយប្រើអាវុធនុយក្លេអ៊ែរ។

គួរជម្រាបថា ក្នុងអាណត្តិធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងឱ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា ធ្វើជាប្រេសិតពិសេសតំណាងអាស៊ាន ដើម្បីចរចាជាមួយភាគីជម្លោះនៅមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ជម្លោះនៅប្រទេសនោះ។

ចំពោះបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ប្រធានអាស៊ានក៏តែងអំពាវនាវដល់ភាគីជម្លោះ និងភាគីពាក់ព័ន្ធឱ្យដាក់អាវុធចុះ ហើយអង្គុយលើតុចរចាដើម្បីសន្តិភាពនិងសន្តិសុខពិភពលោក។ ប្រធានអាស៊ានក៏មិនគាំទ្រចំពោះការបាញ់ មីស៊ីលបាលីស្ទិក របស់កូរ៉េខាងជើងនាពេលថ្មីៗនេះឡើយ ពីព្រោះវាគឺជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូល៕