(ភ្នំពេញ)៖ លោក ម៉ាណូ រ៉ាវីន ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា រោងចក្រផលិតទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានទីតាំងភូមិព្រែក ជិតស្ថានីយរថភ្លើង បានដំណើរការជាធម្មតា ឡើងវិញហើយ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនានេះ បន្ទាប់ពីក្រុមការងាររបស់អគ្គិសនីកម្ពុជា សហការគ្នាជាមួយនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យ៉ាងណាក៏ដោយលោក ម៉ាណូ រ៉ាវីន បានសូមការអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋផងដែរ ការដំណើរការឡើងវិញ នូវរោងចក្រផលិតទឹកស្អាតនេះ យ៉ាងហោចត្រូវការពេលវេលា១ម៉ោង ដើម្បីឲ្យទឹកហូរចូលទុយោពេញល្អ ទើបដំណើរការប្រើប្រាស់ទឹក​ របស់បងប្អូនដូចធម្មតាវិញ។

សូមជម្រាបថា បញ្ហាដាច់ចរន្តអគ្គិសនី នៅរោងចក្រផលិតទឹកស្អាតភូមិព្រែក បានកើតឡើង នៅម៉ោងប្រមាណជិត១០យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ហើយបានអូសបន្លាយរហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែមិថុនានេះ បណ្តាលឲ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ក្នុងរាជធានីភ្នំពេញ ពិសេសអ្នកនៅជាយក្រុងអត់មានទឹកប្រើប្រាស់។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការអធ្យោស្រ័យចំពោះបញ្ហាគុណភាពទឹក ដែលអាចមានល្អក់កករ ពេលចរន្តទឹកបុកចូលក្នុងបណ្តាញវិញ ហើយប្រសិនបើបងប្អូនបានជួបករណីនេះ សូមរាយការណ៍មករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នោះក្រុមថែរទាំប្រព័ន្ធ នឹងចុះទៅសម្អាតជូនភ្លាមៗ។ ទំនាក់ទំនង លោក ឈុន វិចិត្រ ទូរស័ព្ទលេខ 097 77 111 91៕