(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ អបអរសាទរចំពោះពិធីសម្ពោធជាផ្លូវការ នូវអាគារមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្មីសន្លាងនៅជាប់មន្ទីរពេទ្យរុស្ស៊ី ស្របពេលនឹងការប្រារព្ធទិវាបរិច្ចាគឈាមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «ឈាមភ្ជាប់ទំនាក់ទំនង យើងទាំងអស់គ្នា» ឬជាភាសាអង់គ្លេស «Blood Connect Us All» ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឧត្ថមសេនីយ៍ទាហានជើងទឹកសហរដ្ឋអាមេរិក ប្រចាំអាស៊ីប៉ាស៊ីហ្វិចផងដែរ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ គឺជាថ្ងៃប្រវត្តិសាស្រ្ត និងសិរីសួស្តីដ៏ល្អបំផុតដែលមិនធ្លាប់មានពីមុនមករបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលទើបតែទទួលបានអាគារថ្មីសន្លាង ជាជំនួយរបស់មូលនិធិសហរដ្ឋអាមេរិក ។ អាគារមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីនេះមានកំពស់ ២ជាន់ បំពាក់ដោយឧបករណ៍ទំនើបសម្រាប់បច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្ន។

ដើម្បីជាការអបអរសាទរដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម វីតាល់បានឧបត្ថម្ភទឹកពិសាវីតាល់ ទាំងស្រុងសម្រាប់កម្មវិធីទាំងមូល ព្រមទាំងបន្ថែមនូវពែងវីតាល់ដ៏ស្រស់ស្អាត សម្រាប់អ្នកចូលរូមផ្តល់ឈាម ព្រមទាំងបញ្ជរថតរូបអនុស្សាវរីយ៍ សម្រាប់ញ៉ាំងឲ្យកម្មវិធីកាន់តែមានអនុស្សារីយ៍ល្អ មិនអាចបំភ្លេចបានថែមទៀតផង។

លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានថ្លែងទាក់ទងនឹងការឧបត្ថម្ភនេះថា វីតាល់ពិតជាអបអរសាទរយ៉ាងខ្លាំង ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលនេះគឺជាសញ្ញាវិជ្ជមានមួយរបស់ការរីកចម្រើន នៃសកម្មភាពបរិច្ចាគឈាម នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអាគារដ៏ថ្មីសន្លាង បំពាក់ដោយឧបករណ៍ទំនើប និងមានផាសុកភាពសម្រាប់សប្បុរសជនដែលមកផ្តល់ និងទទួលឈាមនៅថ្ងៃអនាគត។ វីតាល់នៅតែបន្តគាំទ្រ និងផ្សព្វផ្សាយចំពោះសកម្មភាពមនុស្សធម៌ តាមការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះបន្ថែមទៀត ដើម្បីបណ្តុះចលនាមនុស្សធម៌ ក្នុងសង្គមមានភាពកាន់តែក្លាវក្លា។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកហើយ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រារព្ធទិវាបរិច្ចាគឈាមពិភពលោក ប៉ុន្តែលើកនេះគឺជាកម្មវិធីប្រវត្តិសាស្ត្រ ព្រោះយើងបានយកទិវាផ្តល់ឈាមលើកទី១៤នេះ ដើម្បីសម្ពោធអាគារថ្មីរបស់យើងតែម្តង។ អគាររបស់យើងមានទីធ្លាធំទូលាយ និងមានសម្ភារឧបករណ៍ទំនើបគ្រប់គ្រាន់ សម្រាប់ស្វាគមន៍អ្នកបរិច្ចាគឈាមថ្មីៗ និងស្តុកឈាមបានកាន់តែច្រើន។ កំឡុងពេលជាមួយគ្នានេះដែរយើងរំពឹងថាការផ្តល់ឈាមនៅប្រទេសកម្ពុជា នឹងមានរូបភាពកាន់តែធំទូលាយ ដូចនៅប្រទេសនានាក្នុងតំបន់។

លោកវេជ្ជបណ្ឌិតបន្តថា បច្ចុប្បន្នកម្ពុជាកំពុងតែមានការប្រឈមខ្លាំងចំពោះកង្វះឈាមក្នុងស្តុក ដោយសារតែចំនួននៃអ្នកបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត មានការធ្លាក់ចុះស្របពេល នឹងតម្រូវការកើនឡើង។ ជាមួយនេះដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយ ឲ្យមានការយល់ដឹងពីការបរិច្ចាគឈាម និងអញ្ជើញមកបរិច្ចាគឈាមឲ្យបានទៀងទាត់ ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាយើង ដូចពាក្យថា ខ្មែរជួយខ្មែរ។

កម្មវិធីបរិច្ចាគឈាមលើកនេះធ្វើឡើងដើម្បីអបសារទរដល់ ទិវាបរិច្ចាគឈាមពិភពលោកលើកទី១៤ ដែលប្រារព្ធឡើងរយៈពេលមួយថ្ងៃពេញ នៅក្នុងទីលានអាគារមជ្ឈមណ្ឌលជាតិថ្មី ដែលមានទីតាំងជាប់មន្ទីរពេទ្យរុស្ស៊ី អបដោយការសម្តែងសិល្បៈ និងទេពកោសល្យតន្ត្រីរបស់ប្អូនៗ សិស្សានុសិស្ស និងអ្នកចូលរួមជាភ្ញៀវកតិ្តយសជាច្រើនរយនាក់។ បុគ្គលិកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏រំពឹងយ៉ាងមុតមាំដែរថា នឹងទទួល បានឈាមសប្បុរសប្រមាណ ៥០០ប្លោក ដើម្បីបំពេញដល់ស្តុកឈាម ដែលកំពុងតែមានការខ្វះខាតយ៉ាងខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងទិវាបរិច្ចាគឈាមពិភពលោកឆ្នាំ២០១៥ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានប្លោកឈាមប្រមាណជាង ៣៥០ប្លោក ហើយក៏រំពឹងថាឆ្នាំនេះ ការបរិច្ចាគឈាមនឹងមានចំនួនច្រើនជាងមុន។

ដើម្បីលើកទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមទាំងឡាយ វីតាល់បានឧបត្ថម្ភទឹកវីតាល់ម្នាក់១យួរ ពែងវីតាល់ ព្រមទាំងបញ្ជរថតរូបអនុស្សារីយ៍ ព្រមទាំងទឹកសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីទាំងមូល។ ក្រុមហ៊ុនវីតាល់ ក៏ប្តេជ្ញាបន្តគាំទ្រ និងផ្សព្វផ្សាយលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងឡាយ មកចូលរួមធ្វើការងារមនុស្សធម៌ផ្សេងៗក្នុងសង្គម ក៏ដូចជាការផ្តល់ឈាមឲ្យបានកាន់តែផុសផុល ដើម្បីជាសក្ខីភាពនៃមូលនិធិ ២៥៛ របស់វីតាល់៕