(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញ បច្ចេកទេស ដល់មន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាល យុត្តិធម៌ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន លោក ប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ប្រធានការិយាល័យ និងមន្រ្តីមួយចំនួនទៀត នៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងមានការចូលរួម ពីលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ជាគ្រូ ឧទ្ទេសនាម មកពីមហាអយ្យការអមសាលា ឧទ្ធរណ៍ នៃក្រសួងយុត្តិធម៌។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអំណរគុណចំពោះ អគ្គនាយករង អស់លោក លោកស្រី ជាប្រធានអនុប្រធាននាយកដ្ឋាន និងជាប្រធាន អនុប្រធានសាខាពន្ធដារ ខេត្តខណ្ឌទូទាំងប្រទេសដែលមានវត្តមាន ចូលរួមក្នុងវគ្គបណ្តុះបណ្តល ដ៏មានសារៈសំខាន់នេះ ដែលជាសក្ខីកម្មបញ្ជាក់ អំពីការខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ទទួលនូវចំណេះដឹង ពីវគ្គបណ្តុះបណ្តាល ដើម្បីជាប្រយោជន៍ ក្នុងការអនុវត្តប្រមូលចំណូលពន្ធ ឲ្យទទួលបានលទ្ធផលល្អ។

លោក គង់ វិបុល បានជម្រាបជូនសិក្ខាកាមថា មន្រ្តីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារបានទទួល នូវនីតិសម្បទា ជាមន្រ្តីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌រួចហើយ តាមរយៈប្រកាសអន្តរក្រសួងរវាង ក្រសួង យុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលការផ្តល់ ជូននេះ គឺជាការផ្តល់សិទ្ធិអំណាចបន្ថែមទៀតជូនដល់ មន្រ្តីពន្ធដារក្នុងការអនុវត្តច្បាប់ ឲ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសនគរបាលយុត្តិធម៌នេះ គឺជាលក្ខខណ្ឌមួយ ដែលតម្រូវដោយច្បាប់ ដើម្បីឲ្យមន្រ្តី ពន្ធដារគ្រប់រូប ដែលបានស្បថ នៅចំពោះមុខសាលាឧទ្ធរណ៌ និងនៅតាមបណ្តាសាលាដំបូងរាជធានី ខេត្តនានាក្លាយជា នគរបាល យុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ មកចូលរួមសិក្សារៀនសូត្រ អំពីតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាល យុត្តិធម៌ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តសិទ្ធិ អំណាចរបស់ខ្លួន​ឲ្យបានពេញលេញ ក្នុងការប្រមូល ចំណូលពន្ធ។

ចំពោះវគ្គបណ្តុះបណ្តាលនេះ និងមានមន្រ្តីរាជការពន្ធដារ ដែលជានគរបាលយុត្តិធម៌ និងភ្នាក់ងារ នគរបាលយុត្តិធម៌ទូទាំងប្រទេសចូលរួម សរុបចំនួន១០៩៨នាក់ សិក្សាមានចំនួន៦វគ្គ ចាប់ពីថ្ងៃទី ១៤ ដល់ ៣០ ខែមិថុនា ឆ្នាំ២០១៦។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការណែនាំដល់សិក្ខាកាមដែលជា មន្រ្តីរាជការពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ ឲ្យខិតខំប្រឹងប្រែង សិក្សាស្វែងយល់ទទួលនូវចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះដើម្បីជា ប្រយោជន៍ក្នុងការ អនុវត្តប្រមូល ចំណូលពន្ធ ឲ្យទទួលបានលទ្ធផលល្អ៕