(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកព្រលឹម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើននាក់ បានចូលរួមហ្វឹកហ្វាត់ ដើម្បីបង្កើនការងារថែរក្សាសន្តិសុខ និងសណ្តាប់សាធារណ:ជូនសង្គមជាតិ និងប្រជាពលរដ្ឋទាំងមូល។

នៅព្រឹកព្រលឹមថ្ងៃដដែលនេះ គេសង្កេតឃើញកងកម្លាំងនគរបាលជាច្រើននាក់ ទាំងនៅស្នងការដ្ឋាននគរបាល និងតាមបណ្តាខណ្ឌ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ការដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើននាក់ នៅតាមផ្លូវ៦០ម៉ែត្រខាងលើនេះ បានធ្វើឡើងស្របពេលដែល នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានប្រកាស និងរង់ចាំទទួលញត្តិពីអ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការគណបក្ស ព្រមទាំងចង់បង្ហាញការធ្វើបាតុកម្ម ដង្ហែរក្បួន ពីព្រោះជាថ្ងៃដែលតុលាការកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្ស ឡើងទៅសួរនាំ ដោយសារតែមិនបានចូលបំភ្លឺក្នុងនាមជាសាក្សី នៃរឿងសញ្ចាកម្ម។

ជុំវិញការគំរាមធ្វើបាតុកម្ម ឫការដង្ហែរក្បួននេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់មកដល់អង្គភាព Fresh News ថា «បើពួកគេហ៊ាន ធ្វើបាតុកម្ម នោះកម្លាំងនគរបាលរបស់យើង នឹងធ្វើការទប់ស្កាត់ ក្នុងគោលបំណងថែរក្សាសន្តិសុខ និងសណ្តាប់សាធារណ:របស់សង្គមជាតិ ក្រោមបទបញ្ជាដ៏មឺិងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា»