(ឧត្តរមានជ័យ)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋ និង កងទ័ព នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានរយៈ ៥-៦ឆ្នាំមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមការសម្របសម្រួល របស់អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ដោយឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា។

លោក ស ថាវី បានថ្លែងក្នុងពេលចុះដោះស្រាយទំនាស់ដីធ្លីនោះថា បញ្ហាប្រជាពលរដ្ឋ និងកងទ័ពមិនគួរនិយាយគ្នាមិនបាននោះទេ ព្រោះកងទ័ពជាកូនចៅប្រពលរដ្ឋ។ ជាដំណោះស្រាយលោកអភិបាលខេត្ត បានសម្រេចប្រគល់ដី ៦១ហិកតាជូនប្រជាជននៅភូមិស្រះព្រិច ចំពោះដីស្រែចំការត្រូវអនុវត្តន៍តាមគោលនយោបាយឈ្នះឈ្នះ គឺប្រជាពលរដ្ឋទទួលបាន៥០% និង៥០%ទៀត ប្រគល់ជូនគ្រួសារកងទ័ព។

ដោយឡែកប្រជាពលរដ្ឋ ដែលមានដីជាប់ព្រំជាមួយគ្រួសារកងទ័ព នឹងត្រូវសម្រួលតាម GPS ឡើងវិញ។ រីឯដីប្រជាពលរដ្ឋបានបង្កបង្កើនផលហើយកងទព័ជាអ្នកភ្ជួរ ត្រូវឲ្យប្រជាពលរដ្ឋប្រមូលផល មន្ទីររៀបចំដែនដីចុះវាស់វែងជូនប្រជាពលរដ្ឋ ហើយត្រូវរៀបចំចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។

ក្រោមស្មារតីឈ្នះឈ្នះ ដោយរក្សាប្រយោជន៍ទាំងសងខាងនោះ ប្រជាពលរដ្ឋបានសំដែងការត្រេកអរ និងសប្បាយរីករាយ ហើយទះដៃទទួលយកដំណោះស្រាយនេះទាំងអស់គ្នា។ ប្រជាពលរដ្ឋ ក៏បានអរគុណលោក ស ថាវី ដែលបានចំណាយពេលវេលាជួយដោះស្រាយកង្វល់របស់ពួកគាត់់។

បន្ទាប់ពីដោះស្រាយទំនាស់ លោកអភិបាលខេត្ត ក៏បានទិញស្រាប៊ៀរជូនប្រជាពលរដ្ឋក្នុងជប់លៀងសប្បាយផងដែរ៕