(សៀមរាប)៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរា ៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជា​មានិតចិននៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញជូនដំំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង បានផ្តាំផ្ញើមគ្គុទេ្ទស​ក៏ទេសចរណ៍ទាំងអស់ឲ្យខិត​ខំយកចិត្តទុកដាក់​ក្នុងការដក់​ស្រង់ចំណេះដឹង បទពិសោធន៍ថ្មីៗ ពីវគ្គ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ទៅកាន់អន្តរជាតិ ឲ្យគេកាន់តែចាប់អារម្មណ៍​ក្នុងការមកទស្សនាកម្ពុជាកាន់តែច្រើន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជា្ញធរជាតិអប្សរាក្នុងការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាសម្បត្តិបេតិក​ភណ្ឌពិភពលោក​ប្រកបដោយចីរភាព និងបានក្លាយជាគម្រូដ៏ល្អមួយសម្រាប់តំបន់បេតិកភណ្ឌដទៃៗទៀតលើសកលលោក និងបានជូនពរអោយប្រតិភូធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យ​សម្រាប់មកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែប្រសើរ។

ក្រុមមគ្គុទ្ទេសក៏ទាំងអស់មានសេចក្តីសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានចូលរួមវគ្គបណ្តុះ​បណ្តាលដ៏មានសារៈសំខាន់​នេះក្រោមការសម្របសម្រួល​យ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិ​អប្សរា។ ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា​ដែលបានយកចិត្តទុកដាក់និងផ្តល់ឱកាសឲ្យពួក​គាត់បានទៅចូលរួមវគ្គបណ្តុះ​បណ្តាលផ្លាស់ប្តូរបទ​ពិសោធន៍​គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហើយថ្ងៃនេះក៏មានវត្តមាន លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលា​ដ៏មានតម្លៃមកផ្តល់កិត្តិយស​ជូនដំណើរដល់ព្រលានយន្តហោះដោយផ្ទាល់។

គួររំឭកថា អាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយអង្គការទេសចរណ៍ពិភពលលោក(UNWTO) បានប្រកាសជូនដំណឹងប្រឡងជ្រើសរើសមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទៅចូលរួមវគ្គបណ្តុះ បណ្តាល​ខ្លីនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងមក ដោយមានកិច្ចសហការចូលរួមធ្វើជា គណៈកម្មការជ្រើសរើស​ពីសំណាក់តំណាង​ក្រសួងទេសចរណ៍​និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។ មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតថ្លៃ បូករួមទាំងការធ្វើដំណើរ និងការស្នាក់នៅ ក្រោមការឧបត្ថមពីអង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) យោងលើការចុះអនុស្សារណះយោគយល់គ្នា រវាងអាជ្ញាធរអប្សរានិងអង្គការទេសចរណ៍ពិភពលោកកាលពីខែកុម្ភះ ឆ្នាំ២០១៥ កន្លងមក៕