(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបន្តបញ្ជាក់ប្រាប់អង្គភាព Fresh News បន្ថែមថា សម្រាប់រថយន្តរបស់កងពលតូច ដឹកជញ្ជូនលេខ៩៩ ចំនួន២គ្រឿង និងរថយន្តសារ៉ែនមួយគ្រឿង ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់នាព្រឹកមិញ ដោយដឹកឈើប្រណិតនោះត្រូវ បានលោកប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធីហើយ។

លោកស្នងការបានបញ្ជាក់ថា ក្រោយការវាស់វែងរួច នៅលើរថយន្តទាំង២គ្រឿងរបស់កងពលតូចលេខ៩៩ មានចំនួន១៩៥ដុំ ជាប្រភេទឈើក្រញូង និងនៅលើរថយន្តសារ៉ែន​មានចំនួន៤៨ដុំ​ជាប្រភេទឈើធ្នង់។

សូមបញ្ជាក់ថា រថយន្តចំនួន៣គ្រឿង ដែល២គ្រឿងជារថយន្តយោធា របស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ ដែលមានលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជាមេបញ្ជាការ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែនយោធា ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចាប់ឃាត់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ពេលកំពុងដឹកជញ្ជូនឈើប្រណិត (ឈើក្រញូង)។ លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ថា ក្រោយទទួលបានព័ត៌មាន ពីសកម្មភាពដឹកឈើទាំងនេះកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងពាក់ព័ន្ធ បានចុះទៅស្ទាក់ និងឃាត់រថយន្ត​ទាំង៣គ្រឿង សុទ្ធតែរថយន្តរបស់យោធាតែម្តង។ ស្នងការនគរបាលបានបញ្ជាក់ថា រថយន្តទាំង៣គ្រឿងនេះ ត្រូវបានរកឃើញថា បានដឹកឈើជាច្រើនម៉ែត្រគូប ជាប្រភេទឈើក្រញូង និងធ្នង់ប្រុងនាំទៅកាន់ប្រទេសវៀតណាម។

សូមបញ្ជាក់ថា បើទោះពីជាមានការទប់ស្កាត់ទ្រង់ទ្រាយធំ លើសកម្មភាពដឹកជញ្ជូន នឹងនាំចេញឈើប្រណិតក៏ដោយ តែការលួចដឹកជញ្ជូនទាំងនេះ ត្រូវបានគេមើលឃើញថា នៅតែកើតមានឡើង​ជាបន្តបន្ទាប់ ដោយមានការពាក់ព័ន្ធជាមួយមន្រ្តីមួយចំនួន៕