(ប៉ៃលិន)៖ កម្លាំងសមត្ថកិច្ចចម្រុះ​ បានបើកប្រតិបត្តិការបង្ក្រាប រថយន្ដស៊េរីទំនើប១គ្រឿង ដែលបានដឹកសត្វព្រៃយ៉ាងច្រើន ក្នុងគោលបំណង យកទៅធ្វើអាជីវកម្ម។ ក្នុងប្រតិបត្តិការនេះ​ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចអាហារដ្ឋានជាប់ស្ពានស្ទឹង ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការដឹកនាំដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងខេត្ត និងលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា​ ករណីបង្ក្រាបបានសត្វព្រៃ​ទាំងអស់នេះ​គឺដោយមានការអនុញ្ញាតពីព្រះរាជ្ញាខេត្តប៉ៃលិន លោក នុង ឧទ្យានុរក្ស សហការ​ជាមួយ រដ្ឋបាលព្រៃឈើ និងគំរោងMJP ចុះបង្រ្កាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់តែម្តង។

សមត្ថកិច្ចដដែរបន្ដថា ដោយមានការផ្ដល់ព័ត៌មានពីកម្លាំងភ្នាក់ងាររបស់សមត្ថកិច្ចរួមមក ទើបសមត្ថកិច្ចចម្រុះបានស្ទាក់ចាប់ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកTundra ពាក់ស្លាកលេខ​ ភ្នំពេញ​2AE-3382 ក្នុងនោះដកហូតបាន សត្វត្រកួត១៣ ក្បាល ស្មើនឹង៤.៥០គីឡូក្រាម​ សត្វ​អណ្តើក៤០ ក្បាល ស្មើនឹង៣៩គីឡូក្រាម​ សាច់ជ្រូកព្រៃ និង សាច់អាអ៊ុន៥ គីឡូក្រាម។ ក្រោយពីធ្វើការឃាត់​ខ្លួនសមត្ថកិច្ច​ បានប្រគល់ជូន​ទៅមន្ដ្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕